ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៩:២០ នាទី កម្លាំងជំនាញការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន ចុះថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២០ របស់លោក អ៊ឹម វណ្ណៈ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ករណីឆបោក កាលពីថ្ងៃទី១៨ ខែឧសភាឆ្នាំ២០១៨ ប្រព្រឹត្តនៅរាជធានីភ្នំពេញ។
ជនជាប់ចោទ ឈ្មោះ ឆុន អំណត់ ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ យោធា ស្នាក់នៅផ្ទះជួលគ្មានលេខ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន នៅចំណុចភូមិព្រៃទ្រា១ សង្កាត់ចោមចៅទី៣ ខណ្ធពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ក្នុងរឿងក្តីនេះ ចៅក្រមជំនុំជម្រះ ស៊ិន សុវណ្ណរ័ត្ន និង ព្រះរាជអាជ្ញារង លឹម ប៊ុនហេង បើកសវនាការជំនុំជម្រះផ្ទាល់ សម្រេចមិនឃុំខ្លួនទេ ដោយសម្អាងហេតុ មានម្តាយចាស់ជរា និងកូនតូច២នាក់ នៅក្នុងបន្ទុក សម្រេចមិនឃុំខ្លួន ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន៕
ដោយ ៖ រ៉ារ៉ា