ភ្នំពេញ, បើយោងតាម សេចក្តីជូនដំណឹង របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់អោយដឹងថា, តបតាមការអញ្ជើញរបស់ លោកស្រី រ៉េតណូ ម៉ារស៊ូឌី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋ ឥណ្ឌូនេស៊ី និងជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក កម្ពុជា នឹងអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក ក្នុងឱកាសនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ ដែលនឹងប្រព្រឹត្តទៅដោយផ្ទាល់ និង តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ២០២១ ។
រដ្ឋមន្ត្រីការបរទេសអាស៊ាន និង លោក អេនតូនីនេខេន (Antony Blinken) រដ្ឋមន្រ្តី ការបរទេសសហរដ្ឋអាមេរិក រំពឹងថានឹងបន្តពិភាក្សាលើបញ្ហានានាដែលបានលើកឡើងក្នុងឱកាស នៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក និងសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសអាស៊ានជាមួយសហរដ្ឋអាមេរិក។ រដ្ឋមន្ត្រីការបរទេសអាស៊ាន និងសហរដ្ឋអាមេរិក ក៏នឹង ផ្លាស់ប្តូរយោបល់គ្នាផងដែរអំពីមធ្យោបាយ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការអាស៊ាន សហរដ្ឋអាមេរិក នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងផលប៉ះពាល់ពីជំងឺនេះ។ ជាមួយគ្នានេះ ក៏នឹងមានការលើកឡើងដែរអំពីបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់ និងចំណាប់ អារម្មណ៍រួម៕
ដោយ, សិលា