ក្រសួង​បរិស្ថាន​៖​ យុវជនមានតួនាទីសំខាន់ក្នុងការចូលរួមបង្កើនសមត្ថភាពសម្រាប់អនាគតនៅពេលប្រទេសកំពុងមានការរីកចម្រើន

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាម​ផេកហ្វេសប៊ុកផ្លូវការរបស់​ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃព្រហស្បតិ៍​ទី២៣​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​៖​ «យុវជនមានតួនាទីសំខាន់ក្នុងការចូលរួមបង្កើនសមត្ថភាពសម្រាប់អនាគតនៅពេលប្រទេសកំពុងមានការរីកចម្រើន » នេះជាការលើកឡើងរបស់លោក ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៅក្នុងពិធីសំណេះសំណាលជាមួយយុវសិស្សមកពីវិទ្យាល័យចំនួន៤ ក្នុងរាជធានីភ្នំពេញ ដែលបានចូលរួមក្នុងវេទិការយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២១ កាលពីរសៀលថ្ងៃទី២២ ខែកញ្ញាម្សិលមិញនេះ​ នៅទីស្តីការក្រសួងបរិស្ថាន។

លោក ជួប ប៉ារីស៍ បានបន្ថែមថា យុវសិស្សដែលចូលរួមប្រកួតប្រជែងក្នុងវេទិកាបរិស្ថាន បានបង្ហាញពីតួនាទីសំខាន់ថែមទៀតក្នុងការផ្សព្វផ្សាយបរិស្ថានកាន់តែមានប្រសិទ្ធភាព ហើយវេទិកានេះក៏ផ្ដល់ឱកាសដល់យុវជនសិក្សាស្រាវជ្រាវ ស្វែងរកទឡ្ហីករណ៍ថ្មីៗតាមបែបវិទ្យាសាស្រ្តគាំទ្រ និងចែករំលែកចំណេះដឹងដល់សាធារណជនទាក់ទងនឹងការគ្រប់គ្រងបរិស្ថាន។

លោកអគ្គនាយករូបនេះ បានបន្ថែមថា យុវជពិតជាមានតួនាទីសំខាន់ណាស់ក្នុងជំរុញឲ្យមានសកម្មភាពមេត្រីបរិស្ថាន និង មានគំនិតសិក្សាស្វែងយល់ពីតម្លៃរបស់មនុស្សដែលរស់នៅក្នុងប្រទេសដែលកំពុងមានការីកចម្រើន ដែលត្រូវគិតគូរចាំបាច់ពីការរស់នៅស្អាត មានអនាម័យ គិតគូពីសុខភាព និងបរិស្ថានល្អជាដើម។ ជាមួយគ្នានេះ លោក បានលើកទឹកចិត្តឲ្យយុវជនត្រូវខិតខំសិក្សារៀនសូត្រ ជំនាញ វិជ្ជាជីវៈដែលឆ្លើយតបនឹងតម្រូវការការងារនៅពេលបច្ចុប្បន្ននិងអនាគតជាពិសេសការសិក្សាភាសាបរទេស ព្រមទាំងជំនាញស្របតាមការវិវត្តសង្គម។

សូមបញ្ជាក់ថា វេទិកាយុវជនជជែកពិភក្សាអំពីបរិស្ថានឆ្នាំ២០២១ បានសម្រេចរៀបចំជ្រើសរើសយុវសិស្សចំនួន ៨វិទ្យាល័យចូលរួមប្រកួតរួមមាន៖ វិទ្យាល័យហ៊ុនសែនចាក់អង្រែ វិទ្យាល័យច្បារអំពៅ វិទ្យាល័យឬស្សីកែវ វិទ្យាល័យហ៊ុនសែនបូរី១០០ខ្នង វិទ្យាល័យហ៊ុនសែនជម្ពូវ័ន វិទ្យាល័យវត្តកោះ វិទ្យាល័យជាស៊ីមសាមគ្គី និងវិទ្យាល័យជាស៊ីម សន្ធរម៉ុក។ លទ្ធផលនៃវគ្គប្រកួតដំបូង មានវិទ្យាល័យចំនួន៤ បានឈ្នះ និងបន្តទៅប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រ។

ចំណែក​លទ្ធផលចុងក្រោយ វិទ្យាល័យច្បារអំពៅទទួលបានជ័យលាភីលេខ១ វិទ្យាល័យហ៊ុនសែនបូរី ១០០ខ្នងទទួលបានជ័យលាភីលេខ២ វិទ្យាល័យឬស្សីកែវ និងវិទ្យាល័យហ៊ុនសែនចាក់អង្រែទទួលបានជ័យលាភីលេខ៣ស្ទួន។

ជ័យលាភីលេខ១ បានទទួលពាន១ បណ្ណសរសើរ ថវិកា ម៉ូតូអាគុយម្នាក់១គ្រឿង ព្រមជាមួយសម្ភារៈមួយចំនួនទៀត។ ដោយឡែកជ័យលាភីបន្តបន្ទាប់ និងយុវសិស្សចូលរួមទទួលបានបណ្ណសរសើរ ថវិកា រួមជាមួយសម្ភារៈប្រើប្រាស់មួយចំនួន៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print