ខេត្តមណ្ឌលគិរី៖ បច្ចុប្បន្ននេះបញ្ហាព្រៃឈើ និងបញ្ហាទំនាស់ដីធ្លីនៅតែជាបញ្ហាយ៉ាងក្តៅគគុក និងមានភាពស្មុគស្មាញបំផុតនៅក្នុងភូមិសាស្រ្តនៃទឹកដីខេត្តមណ្ឌលគិរី នេះបើតាមប្រសាសន៍របស់លោក ឈិត សុខុន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ថ្លែងនៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាល នៃគណៈអភិបាលរងខេត្ត មណ្ឌលគិរីចំនួន២រូប ដោយលោក ញ៉ន សិទ្ធ នាយករងរដ្ឋបាលសាលាខេត្តទទួលមុខតំណែងថ្មី ជាអភិបាលរង ខេត្ត និងលោក សាយ ម៉េងគីម មន្ត្រីមកពីក្របខ័ណ្ឌអគ្គលេខាធិការព្រឹទ្ធសភា ទទួលមុខតំណែងថ្មីជាអភិបាលរងខេត្ត ។
លោកបានមានប្រសាសន៍បន្តទៀតថា បញ្ហាទំនាស់ដីធ្លីនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវ សម្របសម្រួលវិវាទដីធ្លីដែលស្ថិតនៅក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខ្លួន ដោយផ្អែកលើគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងខិតខំទប់ស្កាត់និងបញ្ជៀសឲ្យបាននូវអំពើហិង្សាគ្រប់រូបភាព និងលើកកម្ពស់ប្រសិទ្ធិភាពការងារដឹកនាំគ្រប់គ្រងរដ្ឋបាល ខេត្តមណ្ឌលគីរីដើម្បីអនុវត្តឲ្យបានសម្រេចនូវកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលសម្រាប់និតិកាលទី៥ ពិសេសគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដែលកំពុងឈានចូលដំណាក់ការផ្ទេរមុខងារ និងធនធាន ដែលជាដំណាក់កាលកាន់តែស៊ីជម្រៅថែមទៀត។
បន្ទាប់មកលោកបានមានប្រសាសន៍ជម្រុញដល់អាជ្ញាធរ និងសមត្ថកិច្ចនានាត្រូវយកចិត្តទុកដាក់ថែរក្សាការពារបូរភាពទឹកដី អធិបតេយ្យជាតិ ការរក្សាសន្តិសុខសណ្តាប់ធ្នាប់តាមតំបន់ព្រំដែន ការបង្ការទប់ស្កាត់រាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ទាំងមនុស្ស ទាំងទំនិញ និងឧក្រិដ្ឋកម្មជាដើម៕
ដោយ៖ រុទ្ធឦសាន
...