ភ្នំពេញ៖ ជាទិដៅអភិវឌ្ឍវិស័យកីឡាសូហ្វតឺន្នីសកម្ពុជា ឲ្យកាន់តែមានសក្តានុពលនិងកំដៅសាច់ដុំ មុនកីឡាករកីឡាការិនីចេញទៅប្រកួតនៅព្រឹត្តិការណ៍អាស៊ានសូហ្វតឺន្នីសលើកទី១ នៅប្រទេសម៉ាឡេស៊ីនាខែកក្កដាឆ្នាំ២០១៦ខាងមុខ ហើយក៏ជាឱកាសមួយសម្រាប់វាសស្ទង់កម្រិតបច្ចេកទេសផងនោះសហព័ន្ធមួយនេះតែងតែជំរុញដល់ការហ្វឹកហាត់ ជាប្រចាំសប្តាហ៍ ហើយបង្កើតឲ្យព្រឹត្តិការណ៍ប្រកួតក្នុងស្រុកឲ្យបានច្រើន ជាក់ស្តែងនាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦។
លោក យី សារិន គណៈកម្មការរៀបចំការប្រកួត បានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាសូហ្វតឺន្នីសកម្ពុជា បានរៀបចំ ការប្រកួតកីឡាសូហ្វតឺន្នីសដណ្តើមពានរង្វាន់សម្តេច ក្រឡាហោម ស ខេង លើកទី៣តាមការគ្រោងទុករបស់ខ្លួន ដោយមានកីឡាករកីឡាការិនីចូលរួមសរុប៦០នាក់ក្នុងនោះនារី១០នាក់ មកពី៧ក្លិបប្រកួតនៅលើទីលានសូហ្វតឺន្នីសខាងត្បូងអាងហែលទឹកក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។
លោក យី សារិន បានបន្តទៀតថា សម្រាប់ការប្រកួតកីឡាសូហ្វតឺន្នីសដណ្តើមពានរង្វាន់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើកទី៣នេះមានកីឡាករកីឡាការិនីចូលរួមប្រមាណ៦០នាក់កីឡាការិនី១០នារី បែងចែកជា៥វិញ្ញាសា ទី១-វាយឯកត្តជនបុរស ទី២-វាយគូបុរស ទី៣-វាយឯកត្តជននារី ទី៤-វាយគូនារី និងទី៥-វាយគូចម្រុះក្នុងនោះតម្រូវឲ្យកីឡាករកីឡាការិនីប្រកួតវិលជុំជម្រុះសន្សំពិន្ទុដើម្បីទៅវគ្គបន្តបន្ទាប់ទៀត។
លោកបានបន្តទៀតថា នៅក្នុងចំណោម៥វិញ្ញាសាខាងលើនេះដែរ បើគិតជាប្រកួតពីជុំទី១ដល់វគ្គផ្តាច់ មានរហូតដល់ទៅ៧៣ប្រកួតនិងគ្រោងបញ្ចប់នាព្រឹកថ្ងៃទី៤ខែមេសាឆ្នាំ២០១៦នេះ ៕
ដោយ៖ សារីម