សារព័ត៌មាន CNN បានដកស្រង់សម្តីនាយករដ្ឋមន្ត្រីកាណាដា លោក Grudeau ដែលបានឱ្យដឹងថា ជនជាតិកាណាដាពីររូបដែលចិនចាប់ខ្លួនចោទប្រកាន់ពីបទចារកិច្ចនោះ ពេលនេះត្រូវបានដោះលែងឱ្យមានសេរីភាពវិញហើយ។ នាយករដ្ឋមន្ត្រីកាណាដា លោក Trudeau បានបញ្ជាក់ថា លោក Michael Kovrig និង Michael Spavor បានឡើងយន្តហោះវិលត្រឡប់មកប្រទេសកាណាដាវិញនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២១ ហើយនឹងមកដល់កាណាដានៅថ្ងៃទី ២៥ខែកញ្ញា ។ ជនជាតិកាណាដាទាំងពីររូបប្រឈមនឹងឧបសគ្គជាច្រើនក្នុងរយៈពេល១០០០ថ្ងៃកន្លងមក ក្នុងប្រទេសចិន។ នាយករដ្ឋមន្ត្រីកាណាដា មិនបានពិភាក្សាអ្វីជុំវិញការសម្រេចដោះលែងជនជាតិកាណាដាពីររូបនោះឡើយ។ នាយករដ្ឋមន្ត្រីកាណាដាបានអរគុណដល់សម្ពន្ធមិត្តរបស់កាណាដាដែលតែងតែគាំទ្រ។ លោក Michael Kovrig និង Michael Spavor ត្រូវបានចាប់ឃុំខ្លួននៅក្នុងប្រទេសចិននាឆ្នាំ២០១៨ ដោយចោទប្រកាន់ពីបទចារកិច្ចនៅក្នុងប្រទេសនេះ។ ការចាប់ខ្លួនកើតឡើងក្រោយពីកាណាដាចាប់ខ្លួនអគ្គនាយិកាហិរញ្ញវត្ថុ លោកស្រី ម៉េង វ៉ាន់ស៊ូ តាមបញ្ជារបស់អាមេរិក។ ក្នុងពេលនេះដែរ លោកស្រី ម៉េង វ៉ាន់ស៊ូ បានចាកចេញពីប្រទេសកាណាដា ទៅកាន់ប្រទេសចិននៅយប់ថ្ងៃទី២៤ខែកញ្ញា ហើយនឹងមកដល់ប្រទេសចិននៅថ្ងៃទី ២៥ខែកញ្ញា។ នេះជាសកម្មភាពដ៏ល្អអាចធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរល្អប្រសើនឹងគ្នាវិញ៕ដោយ៖ធីរីណា
ប្រភពរូបថត៖AP.