ខេត្តកំពង់ចាម ៖ លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោតបានជំរុញឲ្យសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា បន្តខិតខំអនុវត្តតាមគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា កាន់តែមានប្រសិទ្ធភាព ដើម្បីឈានទៅរកជ័យជម្នះ បន្តនាពេលខាងមុខនេះទៀត ។
បន្ថែមពីលើនេះ លោក ហេង វុទ្ធី ក៏បានលេីកបង្ហាញពីភាពជោគជ័យសំខាន់ ដែលរាជរដ្ឋាភិបាលសម្រេចបានមួយចំនួនរួមមាន ៖ សុខសន្តិភាព, ប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ១៩បានល្អ, ឧបត្ថម្ភស្បៀងអាហារដល់ជនងាយរងគ្រោះក្នុងពេលកើតមានជំងឺកូវីដ ។
លោកថ្លែងបែបនេះ នៅព្រឹកនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ នៅពេលដែលលោកបានដឹកនាំក្រុមការងារចុះដល់មូលដ្ឋានភូមិគីឡូ៧ ឃុំអាក្សត្នោត ស្រុកស្ទឹងត្រង់ ដើម្បីធ្វើការត្រួតពិនិត្យសមាជិកគណបក្សប្រជាជន ដែលពុំទាន់បានចុះឈ្មោះបោះឆ្នោត និងសមាជិកដែលពុំទាន់មានអត្តសញ្ញាណប័ណ ។
ក្នុងនោះដែរ លោកបានជំរុញការកសាងសមាជិកគណបក្សថ្មី និងសមាជិកបក្សដែលពុំមានអត្តសញ្ញាណប័ណ , អត្តសញ្ញាណប័ណផុតសុពលភាព និងអត្តសញ្ញាណប័ណខូច មានចំនួន៦៧នាក់ និងជំរុញគាត់ឲ្យទៅថតអត្តសញ្ញាណប័ណថ្មី ។
លោក ហេង វុទ្ធី បានប្រាប់ថា តាមរយៈ ចុះជួបពិនិត្យដោយផ្ទាល់ចំពោះសមាជិកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ចំនួន០៤នាក់ (កំពុងស្រាវជ្រាវបន្ត)និងសមាជិកបក្សដែលទើបគ្រប់អាយុ លោកជំរុញឲ្យទៅចុះឈ្មោះបោះឆ្នោត ។ ពិសេសនោះ គឺត្រូវដោះស្រាយការធ្វើប័ណជូនសមាជិកគណបក្សទាំងអស់ ។
ជាមួយគ្នានោះ លោក ហេង វុទ្ធី ក៏បានផ្តល់អនុសាសន៍មួយចំនួនរួមមាន ត្រូវបន្តថែរក្សានិងពង្រឹងគុណតម្លៃសន្តិភាព, មិនអនុញ្ញាតឲ្យមានបដិវត្តន៍ពណ៌កើតមាននៅកម្ពុជា, ពង្រឹងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងខិតខំប្រមូលចំណូលថវិកាជាតិ ៕
ដោយ ៖ វណ្ណ: