កន្លងមកបំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ឪពុកម្ដាយអស់ជាច្រេីន ហើយក្រោយមកយកម៉ូតូរបស់ពូបង្កេីតទៅបញ្ចាំបានលុយ៣០០ដុល្លារក៏ជាប់ខ្នោះសមត្ថកិច្ចខណ្ឌដង្កោ​តែម្តង

ចែករំលែក៖

​ ភ្នំពេញ ៖​ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលដង្កោ​ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ បានឃាត់ខ្លួនជនសង្ស័យម្នាក់តាមបណ្ដឹងរបស់ពូបង្កើត​ពីបទ​រំលោភលេីទំនុកចិត្ត​ (យកម៉ូតូទៅបញ្ចាំបានលុយ៣០០$គេចខ្លួនបាត់រយៈពេល០៣ថ្ងៃ) ។​ ការឃាត់ខ្លួនជនសង្ស័យរូបនេះបានធ្វេីឡេីងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៨​ ខែកញ្ញា​ ឆ្នាំ២០២១ ស្ថិតនៅភូមិម័ល​សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​។
​ សមត្ថកិច្ចបានឱ្យដឹងថា​ ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ​ ផាត់​ សុភ័ក្ត្រអាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅភូមិម័ល​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ(ជនសង្ស័យមានសារធាតុញៀនជាប់នឹងខ្លួន)។ ចំណែកជនរងគ្រោះដែលត្រូវជាពូបង្កើតមានឈ្មោះ​មៀច ម៉ាន់ អាយុ៤០ឆ្នាំ ស្នាក់នៅសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ។
​ តាមសម្ដីជនរងគ្រោះជាម្ចាស់ម៉ូតូត្រូវជាពូបង្កើតរបស់ជនសង្ស័យបានប្រាប់ឱ្យដឹងថា កាលពីយប់ថ្ងៃទី២៦ ខែកញ្ញា​ ឆ្នាំ២០២១​ វេលាម៉ោង១០យប់រូបគាត់បានទៅកម្មវិធីបង្កក់ក្មួយដែលស្ថិតនៅបុរីមួយកន្លែងក្នុងភូមិម័ល​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ ពេលនោះក៏បានហូបចុកជាមួយជនសង្ស័យដែលត្រូវជាក្មួយយ៉ាងសប្បាយ។ ក្រោយមកជនសង្ស័យក៏បានយកម៉ូតូរបស់គាត់ទៅបាត់ដោយមិនបានប្រាប់ថាទៅទីណាទេ​ ។
​ ប្រភពដដែលបានបន្តទៀតថា លុះដល់ព្រឹកឡើងថ្ងៃទី២៧​ ខែឆ្នាំដដែលជនសង្ស័យបានខលតាមទូរស័ព្ទប្រាប់ថាគេបានយកម៉ូតូរបស់គាត់ទៅបញ្ចាំនៅផ្សារឃ្លាំងរំសេវបានលុយចំនួន៣០០$ ខណៈពេលដែលបញ្ចាំហើយជនសង្ស័យបានគេចខ្លួនបាត់អត់ឃើញត្រឡប់មកផ្ទះវិញទេ រហូតដល់ថ្ងៃទី២៨​ ខែឆ្នាំដដែលជនរងគ្រោះដែលត្រូវជាពូបានខលតាមទូរស័ព្ទឱ្យក្មួយជាជនសង្ស័យនាំទៅយកម៉ូតូវិញដោយកុហកថាមិនបានប្ដឹងផ្ដល់អ្វីនោះទេ។ ពេលនោះជនសង្ស័យត្រូវជាក្មួយបានត្រឡប់មកផ្ទះវិញក្នុងបំណងនាំពូទៅយកម៉ូតូដែលខ្លួនយកទៅបញ្ចាំនៅផ្សារឃ្លាំងរំសេវក្នុងខណ្ឌទួលគោកនោះ តែត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោធ្វើការឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្តិ៍នគរបាលតែម្ដង​ ។
​ នៅចំពោះមុខសមត្ថកិច្ច​ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានយកម៉ូតូរបស់ពូទៅបញ្ចាំប្រាកដមែនដើម្បីយកលុយមកទិញគ្រឿងញៀនជក់ ហេីយពេលនោះសមត្ថកិច្ចក៏បានទាក់ទងទៅខាងឪពុកម្ដាយជនសង្ស័យដើម្បីមកសម្របសម្រួលជាមួយជនរងគ្រោះដែលត្រូវជាពូ តែក៏ត្រូវឪពុកម្ដាយប្រាប់សមត្ថកិច្ចថា​ឱ្យចាត់ការជននេះទៅតាមផ្លូវច្បាប់ទៅ​ ព្រោះជនសង្ស័យជាកូនម្នាក់នេះបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះជាច្រើនលេីកច្រេីនសាមកហេីយ។
​ ក្រោយមក​ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោក៏បានបញ្ជូនជនសង្ស័យទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ​ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print