ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្ត LEXUS LX470 ឆ្លងផ្លូវមិនប្រយ័ត្ន
ត្រូវបុរសបីនាក់ជិះម៉ូតូមួយគ្រឿងយ៉ាងលឿនមកបុកពេញទំហឹងបណ្ដាលឲ្យស្លាប់ពីរនាក់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសស្រាល។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចច្រមុះជ្រូកក្បាលថ្នល់ តាមបណ្តោយផ្លូវលេខ២៧១ កែងផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះទាំងពីរនាក់និងម្នាក់ទៀតរងរបួសធ្ងន់គេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកLEXUS LX470 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2J-9007 បេីកបរចេញពីផ្លូវព្រះមុនីវង្សឆ្លងផ្លូវក្នុងទិសដៅពីជេីងទៅត្បូងបំណងឆ្ពោះទៅផ្លូវ៦០ម៉ែត្រ។ ខណៈបើកមកដល់ចំណុចពាក់កណ្តាលផ្លូវលេខ២៧១ ស្រាប់តែមានម៉ូតូម៉ាក Click ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GB- 7899 បេីកបរដោយបុរសម្នាក់និងរួមដំណេីរដោយបុរស២នាក់ទៀតបើកតាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿន និងជាន់ហ្វ្រ័ងមិនជាប់ក៏ជ្រុលទៅបុករថយន្តពីចំហៀងផ្នែកខាងស្តាំពេញទំហឹងបណ្ដាលឲ្យបោកក្បាលផ្ទប់និឹងរថយន្តរងរបួសធ្ងន់ធ្ងរទាំង៣នាក់ ហេីយភ្លាមៗនោះជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗផងដែរ ។
ក្រោយកេីតហេតុ សមត្ថកិច្ចបានចុះទៅដល់និងឃាត់ម្ចាស់រថយន្តជាបណ្តោះអាសន្នរង់ចាំទាក់ទងទៅជំនាញចរាចរណ៍ខណ្ឌមានជ័យ មកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់។ ដោយឡែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចស្រាវជ្រាវទាក់ទងទៅក្រុមគ្រួសារមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី៕
ដោយ ៖ ភារ៉ា ដង្កោ