ជិះម៉ូតូលឿនពេកជ្រុលទៅបុករថយន្តពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូក្នុងល្បឿនលឿន ខណៈមកដល់ផ្លូវកោងបត់មិនទាន់បានជ្រុលទៅបុករថយន្តយ៉ាងពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ ចំណែកម៉ូតូនិងរថយន្តរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង ៣០នាទីយប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០០៤ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកស្តារិចពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2P- 6928 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ2004 ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GR -4570 បើកបរដោយបុរសម្នាក់ក្នុងល្បឿនយ៉ាងលឿនបានជ្រុលទៅបុករថយន្តពេញទំហឹងបណ្តាលឲ្យអ្នកបើកម៉តូរងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋទំនាក់ទំនងហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកម៉ូតូនិងរថយន្ដរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំដោះស្រាយនៅពេលក្រោយតាមផ្លូវច្បាប់៕

...

ដោយ៖ និន សុភ័ស្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print