ក្រុមភ្ញៀវអ្នកមានបុណ្យ Barcelona និងក្រុមតោខៀវ Chelsea បានរងបរាជ័យក្រៅទឹកដីដូចគ្នា ក្នុងការប្រកួតវគ្គជម្រុះសប្តាហ៍ទី២ ក្របខ័ណ្ឌ Champions League កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ កញ្ញានេះ។ ចំណែកក្រុមម្ចាស់ផ្ទះ Bayern Munich បានសាងភាពអស្ចារ្យនៅក្នុងទឹកដីរបស់ខ្លួនដោយបំបាក់ក្រុមមកពីអ៊ុយក្រែន Dynamo Kiev ក្នុងលទ្ធផល៥ទល់០។
ក្រុមភ្ញៀវ Barcelona បានចាញ់ក្រុមម្ចាស់ផ្ទះ Benfica ៣ទល់០យ៉ាងអាម៉ាស់នៅក្នុងការប្រកួតជម្រុះពូលE ដោយរដូវកាលនេះគឺធ្វើមិនបានល្អសោះនៅ Champions League។ ៣គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករ Núñez នៅនាទីទី៣ ក្នុងតង់ទី១ និងនៅតង់ទីរកបាន២គ្រាប់ទៀតរកបានដោយកីឡាករ Rafa Silva នៅនាទីទី៦៩ គ្រាប់ចុងក្រោយរកបានដោយកីឡាករ Núñez នៅនាទីទី៧៩ ដោយបាល់ប៉េណាល់ទី។ ចំណែកក្រុម Barcelona ក៏មានកីឡាករ Eric García ម្នាក់ដែលត្រូវអាជ្ញាកណ្តាលផ្តល់កាតក្រហម ដោយសារបានប៉ះទង្គិចគ្នាជាមួយកីឡាករ Benfica ។
ចំណែកក្រុមតោខៀវ Chelsea បានបរាជ័យក្នុងលទ្ធផល១ទល់០ ដោយ១គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Juventus រកបានដោយកីឡាករ Chiesa នៅក្នុងតង់ទី២ នាទីទី៤៦។ ជ័យជម្នះនេះធ្វើឲ្យក្រុម Juventus ទទួលជ័យជម្នះទាំង២លើកក្នុង២ប្រកួតវគ្គជម្រុះនេះ។
ដោយឡែកក្រុមម្ចាស់ផ្ទះ Bayern Munich បានបំបាក់ក្រុម Dynamo Kiev ក្នុងលទ្ធផល៥ទល់០ មិនឲ្យតដៃរួច ក្នុងការប្រកួតជម្រុះពូល E។ ៥គ្រាប់នេះរកបានដោយកីឡាករ Lewandowski ២គ្រាប់គឺនៅនាទីទី១២ ដោយបាល់ប៉េណាល់ទី និងនៅនាទីទី២៧ រីឯ៣គ្រាប់ទៀតរកបានដោយកីឡាករ Gnabry នៅនាទីទី៦៧, គ្រាប់ទី៤រកបានដោយកីឡាករ Leroy Sané នៅនាទីទី៧៤ និងគ្រាប់ទី៥ រកបានដោយកីឡាករ Choupo-Moting នៅនាទីទី៨៧ ជិតចប់ការប្រកួត។
សរុបលទ្ធផលខាងលើ ក្រុម Barcelona បានឈរបាតតារាងក្នុងពូល E ដោយ២ប្រកួតចាញ់ទាំង២ប្រកួត ខណៈ Bayern Munich ឈរលេខ១ក្នុងពូលនេះ ដោយ២ប្រកួតឈ្នះទាំង២ប្រកួត មាន៦ពិន្ទុពេញ ខណៈ Benfica ឈរលេខ២ មាន៤ពិន្ទុ។ ចំណែកក្រុមតោខៀវ Chelsea បានធ្លាក់មកឈរលេខ២បណ្តោះអាសន្នក្នុងពូល H មាន៣ពិន្ទុ(ចាញ់១ ឈ្នះ១) ខណៈដែលក្រុម Juventus ឡើងឈរលេខ១បណ្តោះអាសន្នក្នុងពូលនេះមាន៦ពិន្ទុ ក្នុង២ប្រកួតឈ្នះទាំង២ប្រកួត ៕ (រូបភាព ៖ BBC Sport)