ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចខណ្ឌដង្កោបានឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ពាក់ព័ន្ធនឹងករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន ហើយនិងកាន់កាប់អាវុធខុសច្បាប់ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នៅត្រង់ចំណុចរោងចិញ្ចឹមទា ផ្លូវលំ ក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង៨នាក់ដែលឃាត់ខ្លួនរួមមាន ១- ឈ្មោះ គា រ៉ុង ហៅញ៉ាញ់ អាយុ២១ឆ្នាំ។ ២-ឈ្មោះ អឿន រ៉េត ហៅម៉ាប់ អាយុ២៨ឆ្នាំ។ ៣-ឈ្មោះឈឹម ដារ៉ា ហៅតឿ អាយុ២៩ឆ្នាំ។ ៤-ឈ្មោះ ចែម សីហា ហៅវេហា អាយុ២០ឆ្នាំ។ ៥-ឈ្មោះ សុទ្ធ សំនៀងភីលីត អាយុ២៦ឆ្នាំ។ ៦-ឈ្មោះ ឡុង សុភន អាយុ២៩ឆ្នាំ។ ៧-ឈ្មោះ ភឿន សុខលុយ អាយុ១៩ឆ្នាំ។ ៨-ឈ្មោះ ខ្លឹង ដែន អាយុ៣៣ឆ្នាំ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចចាប់បានវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទក្រាមពណ៌សថ្លាចំនួន០២ថង់តូច, ដាវកែច្នៃ ចំនួន០១ដើម (ប្រវែង៥៦សង់ទីម៉ែត្រ), កាំភ្លើងជ័រខ្លី ពណ៌ខ្មៅ១ដើម, ម៉ូតូម៉ាក
ស្មាស់១គ្រឿង, ទូរស័ព្ទម៉ាក VIVO ពណ៌ផ្ទៃមេឃ១គ្រឿង, កាបូបស្ពាយ០២, ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន, ទុយយោសម្រាប់ចូកថ្នាំញៀន០១, សម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន, ស្លាកលេខម៉ូតូ ភ្នំពេញ 1L-6396 ចំនួន០១បន្ទះ។
សមត្ថកិច្ចបន្ថែមថា មុនឈានដល់ការឃាត់ខ្លួន កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលជើងឯក សហការជាមួយផ្នែកប្រឆាំងគ្រឿងញៀន បានចុះល្បាតប្រទះឃើញជនសង្ស័យកំពុងប្រើប្រាស់ថ្នាំញៀន ក៏បានបង្រាបជាក់ស្ដែង ហើយឆែកឆេររកឃើញថ្នាំញៀន និងដាវកែច្នៃ កាំភ្លើងជ័រ ទើបសមត្ថកិច្ចសម្រេចនាំខ្លួនពួកគេព្រមទាំងវត្ថុតាងយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមនីតិវីធី៕
ដោយ៖ ជ្រោយពេជ្រ