អ្នកនាំពាក្យរដ្ឋាភិបាលថៃបានឲ្យដឹងថា ប្រទេសនេះទើបតែទទួលបានវ៉ាក់សាំង ចំនួន២លានដូសពីក្រុងហ៊ុន Pfizer លើកដំបូង ក្នុងចំណោមវ៉ាក់សាំងរហូតដល់ទៅ៣០ លានដូសដែលរដ្ឋាភិបាលថៃបានបញ្ជាទិញ ។
តាមគម្រោង ក្រុមហ៊ុន Pfizer និងបន្តផ្តល់វ៉ាក់សាំងឲ្យប្រទេសថៃ ជាបន្តបន្ទាប់ ហើយនៅខែតុលាខាងមុខ នឹងបន្តផ្តល់ជូន ៦លានដូស ក្នុងចំណោម ៣០ លានដូសដែលបានបញ្ជាទិញ។
ការផ្តល់វ៉ាក់សាំង ពីក្រុងហ៊ុន Pfizer ក្នុងពេលដែលថៃបានបើកយុទ្ធនាការចាក់វ៉ាក់សាំងជាទ្រង់ទ្រាយធំ ហើយភាគច្រើនវ៉ាក់សាំង ដែលប្រទេសថៃប្រើប្រាស់ គឺជារបស់ក្រុមហ៊ុន AstraZeneca និង ស៊ីណូវ៉ាក់។ ប៉ុន្តែ ដើម្បីបង្កើតល្បឿននៃការចាក់វ៉ាក់សាំង ជូនពលរដ្ឋពីអាយុ ១២ឆ្នាំឡើងទៅ ថៃបានសម្រេចទិញវ៉ាក់សាំងបន្ថែមចំនួន ៣០ លាន
ដូសទៀតពីក្រុមហ៊ុន Pfizer ។
តាមនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃ បានឲ្យដឹងថា វ៉ាក់សាំងដែលទិញមកពីអាមេរិក នឹងចាក់ជូនពលរដ្ឋ មានអាយុចាប់ពី១២-១៨ឆ្នាំ។ ចំនួនវ៉ាក់សាំង Pfizer ដែលនៅសេសសល់ នឹងចាក់លាយជាមួយវ៉ាក់សាំងស៊ីណូវ៉ាក់ ដោយក្នុងនោះថៃនឹងប្រើប្រាស់វ៉ាក់សាំងស៊ីណូវ៉ាក់ដើម្បីចាក់ដូសទីមួយ ចំណែកវ៉ាក់សាំង Pfizer នឹងចាក់ដូសទីពីតែម្តង ។
ថៃបានបង្កើនល្បឿនចាក់វ៉ាក់សាំងដើម្បី បើកទ្វារដំណើរការសេដ្ឋកិច្ចឡើងវិញ ពិសេសវិស័យទេសចរណ៍ ។ គិតជាមធ្យម ថៃ ចាក់បានវ៉ាក់សាំង ប្រមាណ១ លានដូសក្នុងមួយថ្ងៃ គឺកើនឡើងខ្ពស់ ហើយពលរដ្ឋដែលបានចាក់ដូសទីពីររួចរាល់ គឺមានជាង ២៦%ហើយ ៕ ដោយ៖សាធី