លោកអភិបាលខេត្តសៀមរាប លើកពីបទពិសោធន៍ដែលយើងទាំងអស់គ្នា ត្រូវចងចាំ ចំពោះក្រុងសៀមរាប និងស្រុកមួយចំនួន នៃខេត្តសៀមរាប ដែលជាប់ជាតំបន់ក្រហម និងលឿងទុំ !

ចែករំលែក៖

ខេត្តសៀមរាប, លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បានលើកឡើងថា, បទពិសោធន៍ដែលយើងទាំងអស់គ្នា ត្រូវចងចាំ ចំពោះក្រុងសៀមរាប និងស្រុកមួយចំនួន នៃខេត្តសៀមរាប ដែលជាប់ជាតំបន់ក្រហម និងលឿងទុំ។

លោកសង្កត់ធ្ងន់ថា, ភាពលំបាក វេទនា និងការប្រឈមនៃការឆ្លង(កូវីដ-១៩) គឺបងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់ជាអ្នកទទួលផលប៉ះពាល់ផ្ទាល់ ក្នុងតំបន់បិទខ្ទប់នេះ ដូចជា៖
-ការបាត់បង់ការងារ បាត់បង់ចំណូលគ្រួសារ
-ការខ្វះខាតស្បៀង ម្ហូបអាហារ និងសម្ភារប្រើប្រាស់ចាំបាច់ជាដើម

លោក បានគូសបញ្ជាក់ថា, បំណងរបស់ខ្ញុំ របស់អជ្ញាធរគ្រប់លំដាប់ថ្នាក់ គឺមានតែ ២ប៉ុណ្ណោះ៖
១. ការពារបងប្អូនប្រជាពលរដ្ឋពីការឆ្លងកូវីដ-១៩ កាត់ផ្ដាច់ប្រភពចម្លង ការពារថែទាំអាយុជីវិតបងប្អូន ជៀសវាងការបាត់បង់សមាជិកក្រុមគ្រួសាររបស់ទាំងអស់គ្នា ដោយជំងឺនេះ។
២. ធ្វើយ៉ាងណាអោយខេត្តសៀមរាប ត្រឡប់មករកភាពដើមវិញ ដោយមានភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកកំសាន្តយ៉ាងកុះករ ក្នុងតំបន់
-បងប្អូនប្រជាពលរដ្ឋ អាចមានការងារធ្វើឡើងវិញ
-បងប្អូនប្រជាពលរដ្ឋ អាចរកប្រាក់ចំណូល អាចទ្រទ្រង់នូវតម្រូវការជីវភាពឡើងវិញ

តែជាការសោកស្តាយណាស់ដែលកន្លងមក មានបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច ដែលមិនអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល របស់ក្រសួងសុខាភិបាល របស់អាជ្ញាធរខេត្ត ព្រមទាំងមានសកម្មភាព ប្រហែស ប្រហើន ឆ្លៀតឱកាសចំណេញ សប្បាយតែមួយគ្រា ធ្វើអោយមានការឆ្លងនៃជំងឺនេះកាន់តែច្រើនឡើងៗ ដោយមិនបានគិតពី ផលប្រយោជន៍រួម មិនបានគិតពីផលប៉ះពាល់ដល់អ្នកដ៏ទៃ ដូចជា មិនមានភាពអាណិតអាសូរដល់៖
-អ្នកដែលគោរពយ៉ាងត្រឹមត្រូវ និងអនុវត្តតាមការណែនាំកន្លងមក
-អ្នកដែលបាត់បង់ការងារ បាត់បង់ចំណូល ស្បៀង ផ្គត់ផ្គង់ដល់ក្រុមគ្រួសារ
-អ្នកដែលមាន លោកយាយ លោកតា ចាស់ជរា ស្ត្រីមានផ្ទៃពោះ កុមារតូចៗក្នុងផ្ទះ
-អ្នកដែលបាត់បង់សមាជិកក្រុមគ្រួសារ ស្លាប់ដោយកូវីដ-១៩ វាអយុត្តិធម៌ណាស់ចំពោះបងប្អូនភាគច្រើន ដែលសហការ និងគោរពតាមការណែនាំ។ ខ្ញុំនឹងដាក់វិធានការរដ្ឋបាល មួយចំនួនបន្ថែមទៀត ដើម្បីដាក់ទោសដល់អ្នកដែលប្រព្រឹត្តផ្ទុយពីការណែនាំ អោយធ្ងន់ធ្ងរបំផុត។

យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ សម្តេចនាយករដ្ឋមន្ត្រី ដែលបានយល់ច្បាស់ពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ក្នុងតំបន់បិទខ្ទប់ លោកបានសម្រេចរំសាយ រាល់តំបន់ក្រហម លឿងទុំ ទាំងអស់ទូទាំងប្រទេសដើម្បីទុកលទ្ធភាពអោយ បងប្អូនប្រជាពលរដ្ឋអាចចេញមករកស៊ីទទួលទានឡើងវិញ តែកុំបីភ្លេចអនុវត្ត “៣ការពារ ៣កុំ” ថែមទាំងចាក់វ៉ាក់សាំង។

លោកអភិបាលខេត្តបន្តថា, ខ្ញុំនឹងស្នើទៅ សម្តេចនាយករដ្ឋមន្ត្រី ដាក់តំបន់ក្រហមឡើងវិញ នាពេលដែលបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច បន្តបំពាន មិនអនុវត្តតាមវិធានការសុខាភិបាល ៣ការពារ ៣កុំ បណ្តាលអោយឆ្លងក្នុងសហគមន៍ធ្ងន់ធ្ងរម្តងទៀត។

រដ្ឋបាលខេត្ត ក៏ដូចជា មន្ទីរសុខាភិបាល និងបន្ត បើកមណ្ឌលព្យាបាល មណ្ឌលចត្តាឡីស័ក និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋណា ដែលមានអាការសង្ស័យ អាចមកយកសំណាក និងព្យាបាលបានតាមការស្ម័គ្រចិត្ត ជៀសវាងទៅចម្លងដល់អ្នកដ៏ទៃទៀត។

និងសូមអំពាវនាវជាចុងក្រោយគឺ យើងត្រូវតែចេះ “រៀនរស់តាមបែបគន្លងថ្មី” ត្រូវកែហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍ សម្ភារ ដែលអាចរក្សាគម្លាតបានចំពោះទីតាំងទាំងអស់ក្នុងខេត្តសៀមរាប ដូចជា៖
-វត្តអារាម
-ផ្សាររដ្ឋ-ឯកជន តូច ធំ
-រមណីយដ្ឋាន ភោជនីយដ្ឋាន
-សហគមន៍ទេសចរ
-តំបន់ទេសចរ ក្នុងប្រាសាទ និងក្រៅប្រាសាទ
-សាលារៀនរដ្ឋ-ឯកជន
និងទីប្រជុំជនមួយចំនួន ។ល។ ជម្រុញអោយមានការប្រើប្រាស់ សេវ៉ាដឹកជញ្ជូនអោយបានច្រើនបំផុត ដូចជា រ៉ឺមក់កង់៣ និងក្រុមហ៊ុនដឹកជញ្ជូនផងដែរ ជៀសការប៉ះពាល់ផ្ទាល់។

លោក ទៀ សីហា លើកឡើងថា, ខ្ញុំនៅតែសង្ឃឹម និងជឿជាក់ថាយើងអាចធ្វើបាន ខ្ញុំធ្វើតែម្នាក់ឯង មិនបានទេ មានតែបងប្អូនប្រជាពលរដ្ឋទេដែលសម្រេច លើវាសនារបស់ខេត្តយើង ចូលរួមទាំងអស់គ្នា យើងនិងជោគជ័យ ទាំងអស់គ្នា។
លោក សូមជូនពរ ពុកម៉ែបងប្អូនទាំងអស់ជៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា សូមអរគុណ។
-រៀនរស់ជាមួយកូវីដ-១៩ #រស់នៅតាមបែបគន្លងថ្មី
-ការពារខ្លួនឯង_ស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក
-៣ការពារ: ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល
-៣កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា។
សៀមរាប ផ្ទះខ្ញុំ ស៊ូ ស៊ូ។

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print