ប្រជាជនអូស្រ្តាលី​អាចនឹងធ្វើដំណើរចាកចេញទៅក្រៅប្រទេស​បាន ចាប់ពីខែវិច្ឆិកាខាងមុខនេះ!

ចែករំលែក៖

 អន្តរជាតិ​៖​ បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters​ បានដកស្រង់ប្រសាសន៍នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) នៅថ្ងៃសុក្រ ទី០១ ខែតុលា ឆ្នាំ២០២១​ ដែលបានប្រកាសថា៖ ការហាមឃាត់លើការធ្វើដំណើរចាកចេញទៅក្រៅប្រទេសរយៈពេល១៨ខែមកនេះ លើប្រជាជនអូស្រ្តាលី នឹងត្រូវបានដកចេញវិញចាប់ពីខែវិច្ឆិកាខាងមុខនេះ។ ទីភ្នាក់ងារសារព័ត៌មាន Reuters​ បាននិយាយបន្ថែមថា៖​ លោក ​នាយករដ្ឋមន្រ្តីអូស្រ្តាលី បានបញ្ជាក់នៅក្នុងអំឡុងសន្និសីទសារព័ត៌មានមួយតាមរយៈកញ្ចក់ទូរទស្សន៍ថា៖ «ដល់ពេលដែលត្រូវផ្តល់ការរស់នៅ ដែលប្រជាជនអូស្ត្រាលីធ្លាប់មាន ដល់ពួកគេវិញហើយ។ យើងបានជួយសង្គ្រោះជីវិតរួចហើយ ប៉ុន្តែយើងត្រូវធ្វើការរួមគ្នា ដើម្បីធានាថាប្រជាជនអូស្រ្តាលីអាចបានជីវិតរស់នៅ ដែលពួកគេធ្លាប់មាននៅក្នុងប្រទេសនេះ ត្រលប់មកវិញបាន»។ លោក ស្កុត ម៉ូរីសុន បានគូសបញ្ជាក់ថា​៖​ ការបើកព្រំដែនអន្តរជាតិឡើងវិញនេះ សម្រាប់ប្រជាជនអូស្រ្តាលីនឹងភ្ជាប់ជាមួយការបង្កើតផែនការកម្មវិធីធ្វើចត្តាឡីស័កតាមផ្ទះ នៅក្នុងរដ្ឋនិងដែនដីទាំង៨របស់អូស្រ្តាលី។ ដូច្នេះហើយ វាមានន័យថា ផ្នែកខ្លះនៃប្រទេសនឹងអាចបើកមុនឬក្រោយផ្នែកដទៃទៀត។ សូមជម្រាបថា​ ការបើកព្រំដែនឡើងវិញ គឺជានៅដំណាក់កាលដំបូង នឹងផ្តោតទៅលើការអនុញ្ញាតឱ្យជនជាតិអូស្រ្តាលីផ្ទាល់ និងអ្នកមានទីលំនៅអចិន្ត្រៃយ៍ អាចធ្វើដំណើរចាកចេញពីអូស្រ្តាលី ហើយនៅជំហានបន្ទាប់ៗទៀត វានឹងផ្តោតទៅលើការអនុញ្ញាតឱ្យជនបរទេស អាចចូលមកអូស្រ្តាលី។ គួរបញ្ជាក់ដែរថា នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 កាលពីខែមីនា ឆ្នាំ២០២០កន្លងទៅនេះ បានបិទព្រំដែនអន្តរជាតិ​ ហើយ​ចាប់តាំងពីពេលនោះមក មានតែមនុស្សមួយចំនួនប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យចាកចេញពីប្រទេសអូស្រ្តាលី ក្រោមហេតុផលអាជីវកម្ម ឬមនុស្សធម៌៕ដោយ​៖ស​ តារា
ប្រភពរូបថត៖ AFP.


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print