ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២១សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានបង្ហាញមុខជនសង្ស័យពីរនាក់ព័ន្ធទៅនឹងករណីជួញដូរគ្រឿងញៀនជាង៣គីឡូក្រាម មុននឹងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ និងខេត្តកណ្ដាលចាត់វិធានការតាមផ្លូវច្បាប់។
គូររំលឹកឡើងថា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៦:៣០នាទី កម្លាំងជំនាញ(ក១០)របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក សារី បុត្រសត្យា. លោក យឹម សែនឧត្តម លោក ស៊ុន ពុធរស្មី នាយករងមន្ទីរ និងលោក តឹក សូនី នាយការិយាល័យ ក១០ ដោយមានការចូលរួមពីកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ-ខេត្តកណ្ដាល ព្រមទាំងមានការសម្របសម្រួលពីលោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ បង្រ្កាបករណីជួញដូរគ្រឿងញៀនចំនួន៣គោលដៅ ផ្សេងគ្នាជាបន្តបន្ទាប់។ គោលដៅទី១ នៅក្នុងសង្កាត់ ខណ្ឌកំបូល រាជធានីភ្នំពេញ គោលដៅទី២ និងទី៣នៅក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល
ដោយឃាត់ខ្លួនជនសង្ស័យ២នាក់:
១-ឈ្មោះ សេង សុគន្ធថៃ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ។
២-ឈ្មោះ ព្រហ្ម វាសនា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ។
ដកហូតវត្ថុតាងថ្នាំញៀនសរុប ៣ គ.ក្រ ២១៥.៣៨ ក្រាមក្នុងនោះមាន
១. មេតំហ្វេតាមីន(ICE)ទម្ងន់ ៣ គ.ក្រ ១៤៦.៣៧ ក្រាម។
២. អ៊ិចស្តាស៊ី(MDMA)ទម្ងន់ ៦៧.៨៧ក្រាម។
៣. នីមេតាហ្សេប៉ាម ទម្ងន់ ១.១៤ក្រាម៕
ដោយ៖ ស សម