អភិបាល​ខេត្ត​កណ្ដាល​៖​ នាំយកអំណោយជូនកុមារកំព្រាចំនួន៥០នាក់ ដែលកំពុងស្នាក់នៅ និងរៀនសូត្រ នៅក្នុងសមាគមស្នាមញញឹម នៃក្តីសង្ឃឹម

ចែករំលែក៖

ខេត្ត​កណ្តាល​៖​ លោក​ គង់​ សោភ័ណ្ឌ​ អភិបាល​នៃ​គណៈអភិបាលខេត្តកណ្ដាល​ នៅព្រឹកថ្ងៃសៅរ៍ ១១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១នេះ​ បានដឹកនាំសហការី ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ប្រគល់ជូនដល់គណៈគ្រប់គ្រប់ និងក្មួយៗ កុមារកំព្រាចំនួន៥០នាក់ ដែលកំពុងស្នាក់នៅ និងរៀនសូត្រ នៅក្នុងសមាគមស្នាមញញឹម នៃក្តីសង្ឃឹមរបស់កុមារ ស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ក្នុងឱកាសនេះដែរ លោក​ គង់​ សោភ័ណ្ឌ​ បានពាំនាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច ទាំងទ្វេ តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយមិនប្រកាន់បក្សពួក ពណ៌សប្បុរ សាសនា ឬនិន្នាការនយោបាយឡើយ ជាពិសេស សម្តេច តែងតែមានការអាណិត ស្រលាញ់ និងបារម្ភ ព្រមទាំងជួយសម្រួលដោះស្រាយ ចំពោះប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ លំបាកខ្វះខាត ឬរងគ្រោះដោយសារគ្រោះទុរភិក្ស គ្រោះធម្មជាតិ និងឧបទ្ទហេតុផ្សេងៗ។

ជាមួយគ្នាផងដែរ លោក​អភិបាល​ខេត្ត​ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ដល់គណៈគ្រប់គ្រងសមាគម និងលោកគ្រូ អ្នកគ្រូ ដែលបានខិតខំអប់រំ មើលថែក្មួយៗ តូចៗ ជាកុមារកំព្រាទាំងនេះបានយ៉ាងល្អប្រសើរ ដែលនឹងលូតលាស់ធំធាត់ មានចំណេះដឹង ចំណេះធ្វើ ដើម្បីក្លាយជាពលរដ្ឋដ៏ល្អក្នុងពេលអនាគ និងសូមស្នើបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការអប់រំ ចិញ្ចឹម បីបាច់ថែរក្សាពួកគេជាបន្តទៀត ហើយត្រូវអនុវត្តឱ្យបាន នូវការការពារសុខភាព ពីជំងឺកូវីដ-១៩ ដោយប្រកាន់ខ្ជាប់នូវ វិធានការការពារ ៣កុំ ៣ការពារ ដែលជាយ័ន្ត ដ៏ស័ក្តិសិទ្ធិ របស់សម្តេចតេជោ ក្នុងការរួចផុតពីការវាយប្រហារ ពីមេរោគកូវីដ-១៩ ដ៏សាហាវនេះ ជាពិសេសជាងនេះទៀតនោះ សូម លោកគ្រូ អ្នកគ្រូ នាំក្មួយៗ ទាំងនេះ ដែលមានអាយុចាប់ពី ០៦ឆ្នាំ ដល់ ១២ឆ្នាំ ទៅទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នាកុំបីខាន។

គួរបញ្ជាក់ថា​ អំណោយដែលបាននាំយកមកប្រគល់ជូនសមាគមរួមមាន៖ អង្ករចំនួន ២តោន, មី២០កេស, ត្រីខកំប៉ុង៥កេស ,ប្រេងឆា ៤កេស ,ទឹកត្រី ៥យួរ ,ទឹកស៊ីអ៊ីវ ៥យួរ ,ទឹកសុទ្ធចំណុះ២០លីត្រ ២០ដបធំ, ទឹកក្រូច ៥កេស ,អាល់កុល ១កាន ,ម៉ាស់ ១កេស និងថវិកាចំនួន ៥លានរៀល។

ជាមួយគ្នានេះដែរ លោក​អភិបាល​ខេត្ត​ បានឧបត្ថម្ភ ដល់លោកគ្រូ អ្នកគ្រូ ចំនួន៦ នាក់ ក្នុង១នាក់ ១០ម៉ឺនរៀល និងក្មួយៗ សិស្សានុសិស្ស ចំនួន ៥០នាក់ ក្នុង១នាក់ ថវិកា ២ម៉ឺនរៀលផងដែរ៕ ដោយ​៖​សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print