បើតាមទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់ចេញផ្សាយពីកូរ៉េខាងជើង នៅថ្ងៃអាទិត្យ ទី០៣ ខែតុលា ឆ្នាំ២០២១នេះដោយបានចោទប្រកាន់ថាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រកាន់ឥរិយាបថ «ស្ដង់ដារពីរ» ពាក់ព័ន្ធនឹងសកម្មភាពយោធានៃបណ្ដារដ្ឋជាសមាជិក UN។
បេីតាមប្រធាននាយកដ្ឋានអង្គការអន្តរជាតិនៃក្រសួងការបរទេសកូរ៉េខាងជើង លោក Jo Chol Su បាននិយាយថា៖ កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ UN បានបង្ហាញយ៉ាងច្បាស់ថាស្ថាប័នកំពូលមួយនេះប្រកាន់ឥរិយាបថស្ដង់ដារពីរ ដ្បិតបានប្រងើយកន្តើយចំពោះការធ្វើសមយុទ្ធយោធារួមគ្នារវាងកូរ៉េខាងត្បូង និងអាមេរិក រួមទាំងការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងត្បូង តែបែររិះគន់ការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើងទៅវិញ។ បន្ថែមពីនេះលោកប្រធាននាយកដ្ឋានអង្គការអន្តរជាតិរូបនេះ បន្តថា ការធ្វើតេស្ដមីស៊ីល របស់កូរ៉េខាងជើងគឺជាសកម្មភាពការពារខ្លួនសុទ្ធសាធ។
គួរបញ្ជាក់ថា ប្រតិកម្មរបស់កូរ៉េខាងជើង កើតមានឡើងបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខ UN បានបើកកិច្ចប្រជុំបិទទ្វារមួយកាលពីថ្ងៃសុក្រកន្លងទៅនេះ តបតាមសំណើររបស់សហរដ្ឋអាមេរិក និងបណ្ដាប្រទេសដទៃដើម្បីពិភាក្សាគ្នាពីការធ្វើតេស្ដបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងកាលពីពេលថ្មីៗនេះ៕ដោយ៖ស តារា
រូបភាព៖ឯកសារ ទីភ្នាក់ងារព័ត៌មាន KCNA