អន្តរជាតិ៖ ប្រធានាធិបតី ជែ បុលសូណារ៉ូ ក្រោយពីមានបញ្ហាទាក់ទិននឹងការគ្រប់គ្រងស្ថានភាពកូវីដ-១៩ និងបញ្ហាផ្សេងៗទៀតមិនបានល្អ ត្រូវបានប្រជាជនប្រេស៊ីលរាប់ម៉ឺននាក់ប្រមូលផ្តុំគ្នានៅតាមដងផ្លូវជាថ្មីម្តងទៀតនៅទូទាំងប្រទេស កាលពីថ្ងៃសៅរ៍ទី២ ខែតុលា ឆ្នាំ២០២១ ដើម្បីទាមទារឱ្យទម្លាក់ចេញពីតំណែង។
ជាក់ស្ដែងក្រុមបាតុករដែលបានប្រមូលផ្តុំគ្នាយ៉ាងច្រើនកុះករ បានធ្វើបាតុកម្មនៅតាមបណ្តាទីក្រុងធំៗដូចជា៖ នៅទីក្រុង Rio de Janeiro រដ្ឋធានី Brasilia និងទីក្រុងមួយចំនួនផ្សេងទៀតក្នុងយុទ្ធនាការទាមទារឱ្យលោក ជែ បុលសូណារ៉ា ចុះចេញពីតំណែង។ បក្សនយោបាយឆ្វេងនិយមដែលជាគូប្រជែងនឹងគណបក្សនយោបាយលោក បុលសូណារ៉ូ និងសហព័ន្ធសហជីពកម្មករមួយចំនួនបានគាំទ្រដល់ការធ្វើបាតុកម្មនេះ។
បេីយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានចុះផ្សាយថា លោក Ciro Gomes ដែលជាអ្នកនយោបាយក្នុងស្រុក និងជាគូប្រជែងលោកប្រធានាធិបតី ជែ បុលសូណារ៉ា បានចូលរួមក្នុងបាតុកម្មនៅទីក្រុង Rio de Janeiro។ លោកក៏ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងការតវ៉ាទម្លាក់ប្រធានាធិបតីប្រេស៊ីលរូបនេះ នៅទីក្រុង São Paulo ជាបន្តដែរ។ យ៉ាងណាមិញ អតីតប្រធានាធិបតីប្រេស៊ីល Luiz Inácio Lula da Silva ដែលនឹងចូលរួមក្នុងការបោះឆ្នោតឆ្នាំ ២០២២ខាងមុខ មិនបានចូលរួមបាតុកម្មឡើយ។
សូមជម្រាបថា ប្រធានាធិបតីប្រេស៉ីលរូបនេះ ទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាជនពាក់ព័ន្ធនឹងបញ្ហាជាច្រើនរួមមាន ការគ្រប់គ្រងស្ថានភាពកូវីដ-១៩ ក្នុងប្រទេសមិនបានល្អ និងការឡើងថ្លៃនៃតម្លៃប្រេងសាំងយ៉ាងគំហុករួមនឹងបញ្ហាផ្សេងទៀត។ បច្ចុប្បន្ន ប្រេស៊ីលបានរាយការណ៍ពីករណីឆ្លងជំងីកូវីដ-១៩ជាង២១លានករណី និងមានអ្នកស្លាប់ជិត៦០ម៉ឺននាក់។
គួររម្លឹកថា សំណើបោះឆ្នោតទម្លាក់លោក បុលសូណារ៉ូ ជាង ១០០ ច្បាប់បានដាក់ជូនសភា ប៉ុន្តែប្រធានសភាលោក Arthur Lira ដែលជាអ្នកគាំទ្ររដ្ឋាភិបាលលោក បុលសូណារ៉ូ បានបដិសេធមិនទទួលយកសំណើទាំងនេះ។ ខណៈតុលាការកំពូលប្រេស៊ីល បានបញ្ជាឱ្យមានការស៊ើបអង្កេតជាច្រើនទៅលើ បញ្ហានេះផងដែរ។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេដែលប្រជាជនប្រេស៊ីលទាមទារឱ្យមានការទម្លាក់លោកប្រធានាធិបតី។ ដោយឡែកការធ្វើបាតុកម្មនៅថ្ងៃទី២ ខែតុលាម្សិលមិញនេះ ក៏ជាការឆ្លើយតបទៅនឹងការប្រមូលផ្តុំរបស់អ្នកគាំទ្រលោក ជែ បុលសូណារ៉ូ នៅថ្ងៃទី ៧ ខែកញ្ញាកន្លងទៅផងដែរ។ ចំណែករដ្ឋាភិបាលប្រេស៊ីល នឹងរៀបចំការបោះឆ្នោយជ្រើសរើសប្រធានាធិបតីនៅថ្ងៃទី២ ខែតុលា ឆ្នាំ ២០២២ខាងមុខនេះ៕ដោយ៖ស តារា
ប្រធានាធិបតីប្រេស៊ីល ជែ បុលសូណារ៉ូ ។ រូបថត Xinhua
ប្រធានាធិបតីប្រេស៊ីល ជែ បុលសូណារ៉ូ ឈរលើឡាន និងថ្លែងទៅកាន់ប្រជាជន។ រូបភាព AFP