ប្រទេសជាច្រើននៅក្នុងតំបន់អាស៊ាន ក្នុង នោះមានប្រទេសឥណ្ឌូនេស៊ី ថៃ សិង្ហបុរី …បានសម្រេចគោលដៅនៅក្នុងការបើកដំណើរការវិស័យទេសចរណ៍នៅក្នុងប្រទេសរបស់ខ្លួនឡើងវិញ ក្រោយរងផលប៉ះពាល់យ៉ាងខ្លាំង ដោយកូវីដ១៩ ។
កន្លងមក ថៃក៏បានកំណត់នៅខែតុលានេះនឹងបើកដំណើរការវិស័យទេសចរណ៍ ទទួលភ្ញៀវអន្តរជាតិដែលបានចាក់វ៉ាក់សាំងរួចរាល់។ ក្នុងពេលនេះដែរ ឥណ្ឌូនេស៊ី នឹងបើកកោះបាលីដើម្បីទទួលភ្ញៀវអន្តរជាតិឡើងវិញ ចាប់ពីថ្ងៃទី១៤ ខែតុលាផងដែរ។
សារព័ត៌មានស៊ីនហួរនៅថ្ងៃទី ៤ខែតុលាបានផ្សាយថា មន្រ្តីរដ្ឋាភិបាលម្នាក់បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសឥណ្ឌូនេស៊ីនឹងបើកជើងហោះហើរអន្តរជាតិ ទៅកាន់កោះបាលីឡើងវិញសម្រាប់ភ្ញៀវបរទេសមកពីប្រទេសមួយចំនួន ចាប់ផ្តើមពីថ្ងៃទី១៤ ខែតុលាខាងមុខនេះ ដោយសារការឆ្លងជំងឺកូវីដ១៩ បានធូរស្រាល។
រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគលោក Luhut Binsar Pandjaitan បានប្រាប់សន្និសីទសារព័ត៌មានមួយថ្ងៃនេះថា ប្រទេសឥណ្ឌូនេស៊ីនឹងចាប់ទទួលភ្ញៀវទេសចរអន្តរជាតិ ដែលមកពីកូរ៉េខាងត្បូង ចិន ជប៉ុន និងនូវែលសេឡង់ ព្រមទាំងមកពីទីក្រុង Abu Dhabi និងទីក្រុង Dubai នៃប្រទេសអារ៉ាប់នៅថ្ងៃទី១៤ ខែតុលាខាងមុខនេះ។
ទោះជាយ៉ាងណា ភ្ញៀវអន្តរជាតិដែលត្រូវបានអនុញ្ញាតឱ្យចូលក្នុងប្រទេសប្រជុំកោះនេះ ត្រូវភ្ជាប់មកជាមួយលិខិតបញ្ជាក់ នៃការកក់សណ្ឋាគារដោយមានការធ្វើចាត្តឡីស័កយ៉ាងហោចណាស់៨ថ្ងៃ និងធ្វើតេស្តសុខភាព។
រដ្ឋាភិបាលឥណ្ឌូណេស៊ីបានសម្រេចអូសបន្លាយពេល នៃវិធានការរឹតបន្តឹងលើការធ្វើដំណើរជាសាធារណៈ ដែលនឹងផុតកំណត់នៅថ្ងៃចន្ទនេះរហូតដល់ថ្ងៃទី១៨ ខែតុលា។ ប៉ុន្តែបានបន្ធូរបន្ថយការរឹតត្បិតនៅតាមទីសាធារណៈដូចជាផ្សារទំនើប កន្លែងកម្សាន្ត និងកន្លែងកីឡាជាដើម៕ ដោយ៖សាធី