អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នេះ បានដកស្រង់ចេញផ្សាយពីក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃចន្ទនេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ រហូតដល់ ៥,៣៨៣ករណីបន្ថែមទៀត,ខណៈអ្នកជំងឺកូវីដ-១៩ ចំនួន១៣០នាក់ ស្លាប់បន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដូចគ្នា។
ក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់បន្ថែមទៀតថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន០១ករណីប៉ុណ្ណោះជាករណីនាំចូល ក្រៅពីនោះសុទ្ធតែជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់ ២,៤៩០នាក់។
គួរបញ្ជាក់ថា ប្រទេសវៀតណាម មានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៨១៣,៩៦១នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៧២១,៤៨០នាក់ ចំណែកចំនួនអ្នកស្លាប់សរុបចំនួន ១៩,៨៤៥នាក់ គិតត្រឹមយប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១៕ដោយ៖ស តារា
ប្រភពរូបថត៖AP.