ភ្នំពេញ, ចាប់ពីថ្ងៃទី ៦-១២ ខែតុលា ឆ្នាំ២០២១ អាចនឹងមានពពកច្រើនដេរដាស មានភ្លៀងផ្គរ រន្ទះ ក្នុងកម្រិតពីមធ្យមទៅខ្លាំង ដែលអាចបង្កជាជំនន់ ទឹកភ្លៀងក្នុងភូមិសាស្ត្រ ភ្នំពេញនិង ១៥ខេត្ត។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី ៦-១២ ខែតុលា ឆ្នាំ២០២១) របស់ក្រសួងធនធានទឹកនិងឧតុនិយម នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ។
ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី៨ ខែតុលា សម្ពាធទាបសកម្មបានកើតឡើងនៅលើប្រទេសហ្វីលីពីន ។ សម្ពាធទាបសកម្ម នេះនឹងបង្កើន ឥទ្ធិពលជាបន្តបន្ទាប់ធ្វើដំណើរចូលក្នុងសមុទ្រចិនខាងត្បូង ដោយអាចបង្កើនឥទ្ធិពលទៅ ជាព្យុះទី១៧ (មិនទាន់ មានឈ្មោះជាផ្លូវការ) ។ ដូចនេះនាសប្តាហ៍ខាងមុខព្រះរាជាណាចក្រកម្ពុជានិង ទទួលនៅបណ្តាឥទ្ធិពលជាអាទិ៍ ៖ មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅខ្លាំង , ជ្រលងសម្ពាធទាបប៉ាស៊ីហ្វិច , ឥទ្ធិពលព្យុះទី១៧ និងប្រព័ន្ធសម្ពាធទាប (ITCZ) ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
– សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ ºC
– អាចនឹងមានពពកច្រើនដេរដាស មានភ្លៀងផ្គរ រន្ទះ ក្នុងកម្រិតពីមធ្យមទៅខ្លាំង ដែលអាចបង្កជាជំនន់ ទឹកភ្លៀងក្នុងភូមិសាស្ត្រមួយចំនួន ៖ រាជធានីភ្នំពេញ កណ្តាល ស្វាយរៀង ព្រៃវែង កំពង់ស្ពឺ តាកែវ កំពង់ឆ្នាំង ពោធិ៍សាតំ កំពង់ធំ និងសៀមរាប ។ និងនៅថ្ងៃទី១០-១២ ខែតុលា នឹងអាចមានខ្យល់ កន្ត្រាក់ក្នុងល្បឿនមធ្យម ។
២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ °C
សីតុណ្ហភាពអតិបរមា មានពី ២៥-២៧ ១C – អាចនឹងមានពពកច្រើនដេរដាស មានភ្លៀងផ្គរ រន្ទះ ក្នុងកម្រិតពីមធ្យមទៅខ្លាំង ដែលអាចបង្កជាជំនន់ ទឹកភ្លៀងក្នុងភូមិសាស្ត្រមួយចំនួន ៖ ព្រះវិហារ ឧត្ដរមានជ័យ កំពង់ចាម និងត្បូងឃ្មុំ ។ និងនៅ ថ្ងៃទី១០-១២ ខែតុលា និងអាចមានខ្យល់កន្ត្រាក់ ក្នុងល្បឿនពីមធ្យមទៅខ្លាំង ។
៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
– សីតុណ្ហភាពអតិបរមា មានពី ២៥-២៧ °C – អាចនឹងមានពពកច្រើន មានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ។ អាចនឹងមានពពកច្រើន ដេរដាស មានភ្លៀង ផ្គររន្ទះ ក្នុងកម្រិតមធ្យមទៅខ្លាំង ដែលអាចបង្កជាជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រមួយចំនួន ដូចជា ៖ កោះកុង និងក្រុងព្រះសីហនុ ។ និងនៅថ្ងៃទី១០-១២ ខែតុលា និងអាចមានខ្យលកន្ត្រាក់ ក្នុងល្បឿនពីមធ្យមទៅខ្លាំង ជាមួយនិងរលកនៅលើផ្ទៃសមុទ្រ មានកម្ពស់ពីមធ្យមទៅខ្ពស់ ។
យោងសា្ថនភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងបង្កើនការ ប្រុងប្រយ័ត្នខ្ពស់ ៕
ដោយ, សុខ ខេមរា