នាវាផ្ទុកយន្តហោះបីគ្រឿង របស់អាមេរិក អង់គ្លេស និង នាវាផ្ទុកឧទ្ធម្ភាគចក្រមួយគ្រឿងរបស់ជប៉ុន បានចូលរួមធ្វើសមយុទ្ធ រួមនៅតំបន់ភាគខាងជើងកោះតៃវ៉ាន់ នៅចុងសប្តាហ៍នេះ។ សកម្មភាពខាងលើកើតឡើងក្រោយពេលដែល កោះតៃវ៉ាន់ ប្រកាសថាមានយន្តហោះចម្បាំងរបស់ចិនរហូតដល់ទៅ៩៣គ្រឿង បានហោះហើរ ឆ្លងកាត់ដែនសមុទ្រកោះតៃវ៉ាន់។
កាលពីថ្ងៃទី ១ខែតុលា ទីក្រុងប៉េកាំងបានប្រារព្ធទិវាឯករាជ្យ ហើយពេលនោះ ទាហានកោះតៃវ៉ាន់បានមើលឃើញថាមានយន្តហោះចម្បាំង ចិនដល់ទៅ ៣៨គ្រឿងចូលដែនអាកាសគ្រប់គ្រងរបស់តៃវ៉ាន់តែម្តង ។ មួយថ្ងៃក្រោយមក ចិនក៏បានបញ្ជូនយន្តហោះចម្បាំងដល់ទៅ ៣៩គ្រឿងបន្ថែមទៀតចូលដែនអាកាសកោះតៃវ៉ាន់ ។
នៅថ្ងៃទី ៣ខែតុលា យន្ដហោះចម្បាំង របស់ចិន១៦គ្រឿងផងដែរ បានចូលដែនអាកាសរបស់កោះតៃវ៉ាន់។ ដូច្នេះក្នុងរយៈពេល៣ថ្ងៃកន្លងមក មានយន្តហោះចម្បាំងរបស់ចិន រហូតដល់ទៅ ៩៣គ្រឿង ហោះហើរចូលដែនអាកាសតៃវ៉ាន់ ក្នុងរយៈពេល៣ថ្ងៃដើមខែតុលា។
អ្នកនាំពាក្យក្រសួងការបរទេសអាមរិក លោក Ned Price បានប្រកាសថា អាមេរិកពិតជាបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាព ឌឺដង របស់ចិននៅតំបន់សមុទ្រកោះតៃវ៉ាន់។ លោក Ned Price បានបញ្ជាក់ថា សកម្មភាពខាងលើរបស់ចិន អាចបង្កឲ្យមានអំពើហិង្សា បំផ្លាញសន្តិភាព ស្ថិរភាពក្នុងតំបន់។
កាលពីថ្ងៃទី ៤ខែតុលា កម្លាំងការពារដែនសមុទ្រជប៉ុន JMSDF បានប្រកាសថានៅថ្ងៃសៅនិងអាទិត្យ នាវាផ្ទុកយន្តហោះ USS Ronald Reagan (CVN-76), USS Carl Vinson (CVN-70), HMS Queen Elizabeth (R08)និងនាវាផ្ទុកឧទ្ធម្ភាគចក្ររបស់ជប៉ុន JS Ise (DDH-182) នឹងចូលរួមធ្វើសមយុទ្ធនៅតំបន់សមុទ្រភាគខាងត្បូងកោះអូគីណាវ៉ា ។
គោលដៅនៃការធ្វើសមយុទ្ធនោះគឺមិនសំដៅទៅលើ ប្រទេសចិននោះឡើយ។ ប៉ុន្តែមានសារព័ត៌មានជាច្រើន របស់ជប៉ុនបានប្រកាសថា សកម្មភាពខាងលើ គឺដើម្បីទប់ទល់ការគំរាមកំហែង ក្អេងក្អាងរបស់ចិន នៅតំបន់សមុទ្រ ៕
ដោយ៖ សាធី
នាវាផ្ទុកយន្តហោះអាមេរិក – អង់គ្លេស – ជប៉ុនចូលរួមក្នុងសមយុទ្ធនេះ – រូបភាព៖ JMSDF ។
រូបភាព៖JMSDF