ភ្នំពេញ៖ បើយោងតាមផេកផ្លូវការរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅព្រលប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់ថា, ថ្លែងក្នុងកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ ZOOm នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១នេះ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាននៅគ្រប់បណ្តាស្ថាប័ន-កងឯកភាពចំណុះកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចសម្រេចបានស្នាដៃ និងសមិទ្ធិផលការងារជាច្រើនក្នុងរយៈពេល ០៩ខែ ដើមឆ្ នាំ២០២១នេះ ជាអាទិ៍ការពារបូរណភាពទឹកដី, ការថែរក្សាសុខសន្តិភាព, ស្ថិរភាព, សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ, ការជួយឧបត្ថម្ភគាំទ្រដោះស្រាយការលំបាកជូនអតីតយុទ្ធជន និងប្រតិបត្តិការចុះជួយសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រោះមហន្តរាយទឹកជំនន់ជាដើម។
លោកបានលើកឡើងថា នៅចំពោះមុខបញ្ហាប្រឈមនៃជំងឺកូវីដ-១៩ ក្នុងពេល ០២ឆ្នាំចុងក្រោយនេះ កងទ័ពជើងគោក ក៏បាននឹងកំពុងមមាញឹកសស្រាក់ស្រាំចូលរួមជាមួយរាជរដ្ឋាភិបាល នៅក្នុងគ្រប់កិច្ចការទាំងអស់ ដើម្បីប្រយុទ្ធនឹងជំងឺរាតត្បាតជាសាកលនេះ តាមរយៈសកម្មភាពជាច្រើន ដូចជា៖ ការការពារសន្តិសុខនៅតាមមណ្ឌលព្យាបាល និងមណ្ឌលចត្តាឡីស័ក, ការដឹកជញ្ជូនស្បៀងចែកជូនប្រជាពលរដ្ឋ, ការចូលរួមអនុវត្តវិធានការបិទខ្ទប់, ការចុះបាញ់ថ្នាំសម្លាប់មេរោគតាមទីកន្លែងសាធារណៈ, ការជួយដឹកជញ្ជូនប្រជាពលករត្រលប់មកពីប្រទេសថៃ និងការចូលរួមក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស ដោយសម្រេចបានជោគជ័យគួរជាទីមោទនៈ។ លើសពីនេះ អនុវត្តតាមគោលការណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋានកងទ័ពជើងគោក ក៏បានរៀបចំមណ្ឌលព្យាបាល និងមណ្ឌលចត្តាឡីស័ក នៅតាមបណ្តាយោធភូមិភាគ និងកងពលមួយចំនួន ដើម្បីជួយព្យាបាល និងថែទាំសុខភាព ជូនយោធិន គ្រួសារយោធិន ឱ្យបានដិតដល់ពេញលក្ខណៈកាន់តែប្រសើរ។
លោកឧត្តមសេនីយ៍ឯក មេបញ្ជាការ កងទ័ពជើងគោក បានដាក់ជាទិសដៅការងារបន្តសម្រាប់ឆ្នាំ ២០២១នេះ ដោយបានស្នើរឱ្យបណ្តាស្ថាប័ន-កងឯកភាពចំណុះកងទ័ពជើងគោកទាំងអស់ បន្តយកចិត្តទុកដាក់ និងត្រៀមលក្ខណៈអនុវត្តគ្រប់ភារកិច្ចទាំងកិច្ចការងារស្នូល និងភារកិច្ចនានាតាមបទបញ្ជារបស់រាជរដ្ឋាភិបាល, ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ក៏ដូចជាការត្រៀមបម្រុងកម្លាំង មធ្យោបាយ និងសម្ភារ: សម្រាប់ប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយជាយថាហេតុផ្សេងៗ។ ជាមួយគ្នានេះផងដែរ លោក មេបញ្ជាការកងទ័ពជើងគោក ក៏បានក្រើនរំលឹកដល់ នាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងគោកទាំងអស់ ត្រូវបន្តចូលរួមអនុវត្តវិធានការសុខាភិបាល “៣កុំ ៣ការពារ” ឱ្យបានខ្ជាប់ខ្ជាប់ ដើម្បីការពារសុខភាពខ្លួនឯង ក្រុមគ្រួសារ និងអង្គភាព ជាពិសេសការប្រុងប្រយ័ត្នចំពោះហានិភ័យក្នុងឱកាសនៃការជួបជុំផ្សេងៗក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ៕
ដោយ, សិលា