ភ្នំពេញ, បើយោងតាមផេកក្រសួងទេសចរណ៍បានបញ្ជាក់អោយដឹងថា, តាមការបូកសរុបរបាយការណ៍ដែលទទួលបានពីមន្ទីរទេសចរណ៍រាជធានី- ខេត្ត បានឲ្យដឹងថា៖ នាថ្ងៃឈប់សម្រាកទី១នៃពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ មានភ្ញៀវទេសចរចេញដើរកម្សាន្តតាមរមណីយដ្ឋាននានានៅទូទាំងប្រទេស សរុបចំនួន ១៤៩.០១៣ នាក់ ក្នុងនោះ ភ្ញៀវជាតិ ១៤៧.៥៤៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១.៤៦៩ នាក់។
គោលដៅទេសចរណ៍សំខាន់ៗ ដែលភ្ញៀវទស្សនា រួមមាន៖
− ខេត្តកំពត ៣០.៤៥៥ នាក់
− ខេត្តកែប ២៦.៨៩០ នាក់
− ខេត្តព្រះសីហនុ ១៨.១៩៧ នាក់
− ខេត្តពោធិ៍សាត់ ៨.៧០៥ នាក់
− ខេត្តមណ្ឌលគិរី ៧.២៣៣ នាក់
− ខេត្តសៀមរាប ៦.០៨៦ នាក់
ប្រការគួរកត់សំគាល់៖
− តួលេខនេះ មានការថមថយប្រមាណ ៤៤.៩១% ធៀបនឹងថ្ងៃទី១នៃពិធីបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំ២០២០ ប៉ុន្តែមានការកើនឡើងប្រមាណ ២៧,៥៥% ធៀបនឹងថ្ងៃឈប់សម្រាកចុងសប្តាហ៍កន្លងមក។ ជាមួយគ្នានេះ យើងសង្កេតឃើញថា ចរន្តភ្ញៀវទេសចរផ្ទៃក្នុងមានការផុសផុលខ្លាំងនៅតាមបណ្តារាជធានីខេត្ត ខណៈដែលគោលដៅទេសចរណ៍ទូទាំងប្រទេសបានបើកដំណើរការទទួលភ្ញៀវ រួមទាំងខេត្តសៀមរាបផងដែរដែលបានបិទបញ្ចប់ការបិទខ្ទប់នាសប្តាហ៍កន្លងមក លើកលែងតែខេត្តកំពង់ឆ្នាំងដែលនៅបន្តដាក់ចេញវិធានការរដ្ឋបាលហាមឃាត់សកម្មភាពមួយចំនួនរួមទាំងរមណីយដ្ឋានផងដែរ។
− សម្រាប់ថ្ងៃសម្រាកទី១នេះ បងប្អូនប្រជាពលរដ្ឋមួយចំនួនបានធ្វើដំណើរទៅស្រុកកំណើតដើម្បីប្រារព្វពិធីបុណ្យភ្ជុំបិណ្ឌ និងជួបជុំក្រុមគ្រួសារ ហើយនឹងបន្តការដើរកម្សាន្តនៅគោលដៅទេសចរណ៍នានាបន្ទាប់ពីបញ្ចប់ថ្ងៃភ្ជុំធំ។ បងប្អូនប្រជាពលរដ្ឋភាគច្រើនបានយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅត្រឹមខ្លោងទ្វារវត្ត ប៉ុន្តែក៏មានបងប្អូនប្រជាពលរដ្ឋខ្លះយកចង្ហាន់ប្រគេនព្រះសង្ឍនៅកុដផ្ទាល់ ហើយខ្លះបាននិមន្តព្រះសង្ឍមកគេហដ្ឋានដើម្បីសូត្រមន្ត និងប្រគេនចង្ហាន់ជាដើម។
− បងប្អូនប្រជាពលរដ្ឋមួយចំនួនបានជ្រើសរើសដើរកម្សាន្តជារង្វង់ខ្សែទស្សនកិច្ច (សៀគ្វី) ឆ្លងកាត់ខេត្តច្រើន ដូចជានៅភាគភាគឥសាន្ត (មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងក្រចេះ ឬអាចភ្ជាប់ទៅព្រះវិហារ និងសៀមរាបជាដើម) ព្រមជាមួយគោលដៅខេត្តតំបន់ឆ្នេរសមុទ្រទាំង៤។ បន្ទប់ស្នាក់នៅតាមគោលដៅទេសចរណ៍សំខាន់ៗ ដូចជាមណ្ឌលគិរី កំពត និងកែបជាដើម ត្រូវបានភ្ញៀវកក់ស្ទើរពេញទាំងស្រុងរហូតដល់ចុងសប្តាហ៍។ ទន្ទឹមនឹងនេះ ភ្ញៀវទេសចរមួយចំនួនបានងាកមកជ្រើសរើសកក់កន្លែងស្នាក់នៅដែលមានផ្ទះបាយ ឬកន្លែងចំអិនអាហារភ្ជាប់ជាមួយ ដោយសារពួកគាត់ដើរកម្សាន្តជាក្រុមគ្រួសារ និងចង់កាត់បន្ថយការជួបជុំ និងប៉ះពាល់ជាមួយភ្ញៀវដទៃ
− គ្រប់គោលដៅទេសចរណ៍ សុទ្ធតែបានខិតខំអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) ក្រោមការចុះពិនិត្យ អប់រំ ណែនាំ និងសម្របសម្រួលពីរដ្ឋបាលរាជធានីខេត្ត មន្ទីរទេសចរណ៍ និងអង្គភាពពាក់ព័ន្ធ
− ភ្ញៀវទេសចរក៏បានចូលរួមអនុវត្តនូវិធានការទប់ស្កាត់កូវីដ-១៩ ពិសេសវិធានការ “៣កុំ និង ៣ការពារ” ខណៈដែលគ្រប់គោលដៅទេសចរណ៍តម្រូវឲ្យភ្ញៀវពាក់ម៉ាស់ និងរៀបចំរមណីយដ្ឋានមិនឲ្យមានការជួបជុំទ្រង់ទាយធំជាដើម
− គណៈបញ្ជាការឯកភាពរាជធានីខេត្ត និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បានរៀបចំក្រុមការងារសម្រួលចរាចរណ៍ ធានាសន្តិសុខ សុវត្ថិភាព និងចូលរួមអប់រំណែនាំឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជូននូវវិធានការទប់ស្កាត់ជំងឺកូវីដ-១៩។
ជារួម សភាពការណ៍ទូទៅសម្រាប់ថ្ងៃទី១នេះ មានភាពល្អប្រសើរ បើទោះបីមានភ្លៀងធ្លាក់នៅតាមបណ្តារាជធានីខេត្តភាគច្រើន។ បងប្អូនប្រជាពលរដ្ឋរីករាយដែលបានដើរកម្សាន្ត និងជួបជុំគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ហើយវិស័យឯកជនក៏មានក្តីសង្ឃឹមចំពោះចរន្តភ្ញៀវទេសចរផ្ទៃក្នុងដែលជាដង្ហើមសេដ្ឋកិច្ចទ្រទ្រង់ប្រតិបត្តិការអាជីវកម្មបានមួយកម្រិតផងដែរ៕