ភ្នំពេញ, នៅរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា ស្នើរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសណ្តាប់ធ្នាប់សាធារណៈ នៃសាធារណរដ្ឋស៊ីប សំណើសុំកិច្ចសហការស្រាវជ្រាវបញ្ជាក់ការពិតជាផ្លូវការជុំវិញការចោទប្រកាន់បំផ្លើសការពិត ចំពោះ សម្តេចតេជោ ហ៊ុន សែន !
នៅក្នុងលិខិតក្រសួងយុត្តិធម៌ ដោយបញ្ជាក់ថា, សូមគោរពជូន លោកស្រី STEPHIE DRACOS រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសណ្តាប់ធ្នាប់សាធារណៈ នៃសាធារណរដ្ឋស៊ីប – សំណើសុំកិច្ចសហការស្រាវជ្រាវបញ្ជាក់ការពិតជាផ្លូវការជុំវិញការចោទប្រកាន់បំផ្លើសការពិត ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថា មានលិខិតឆ្លងដែននៃសាធារណរដ្ឋស៊ីប។
សេចក្ដីដូចខាងលើ ខ្ញុំមានកិត្តិយសសូមគោរពជម្រាបជូន លោកស្រីរដ្ឋមន្ត្រី មេត្តាជ្រាបថា ក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា បានពិនិត្យឃើញថា នាពេលថ្មីៗនេះ មានសារព័ត៌មាន មួយចំនួន ដូចជា The Guardian និង The Washington Post បានផ្សព្វផ្សាយនូវលទ្ធផលនៃការស្រាវជ្រាវមួយ ដែលគេហៅថា “The Pandora Papers Investigation” ក្នុងនោះក៏មានព័ត៌មានបំផ្លើសខុសពីការពិត ដែល ចោទប្រកាន់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មាន លិខិតឆ្លងដែននៃសាធារណរដ្ឋស៊ីប។
លោករដ្ឋមន្ត្រីបន្តថា, ខ្ញុំសូមបញ្ជាក់ជូន លោកស្រីរដ្ឋមន្ត្រី មេត្តាជ្រាបថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាវីរៈបុរសខ្មែរមួយរូប ដែលបានដឹកនាំការតស៊ូបញ្ចប់សង្គ្រាមជាង ២ទសវត្ស និងបាននាំមកនូវសន្តិភាពពេញលេញ ឯកភាពទឹកដីបរិបូរណ៍ សេចក្តីសុខសាន្ត និងវិបុលភាព ជូនប្រជាជនកម្ពុជា និងប្រទេសកម្ពុជា។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានសញ្ជាតិខ្មែរតែមួយគត់ និងធ្លាប់ប្រកាសជាសាធារណៈជាច្រើនលើកច្រើនសារចំពោះមុខប្រជាជនកម្ពុជា នូវ គោលជំហរនយោបាយឥតងាករេ គឺ ។ រួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា ហើយដាច់ខាតមិនរត់ចោលប្រជាជន កម្ពុជា និងប្រទេសកម្ពុជាឡើយ ទោះបីក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ”។ ដោយទទួលបានការគោរព ដ៏ខ្ពង់ខ្ពស់ និងការស្រឡាញ់ដ៏ជ្រាលជ្រៅពីសំណាក់ប្រជាជនកម្ពុជា, ការផ្សព្វផ្សាយព័ត៌មានមិនពិត និងបំផ្លើស ខាងលើនេះចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា ព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល។
អាស្រ័យហេតុនេះ ក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា សូមស្នើសុំកិច្ចសហការពី លោកស្រី រដ្ឋមន្ត្រី មេត្តាស្រាវជ្រាវជុំវិញការចោទប្រកាន់បំផ្លើសការពិតចំពោះនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថា មានលិខិតឆ្លងដែននៃសាធារណរដ្ឋស៊ីប ឬមានសញ្ជាតិស៊ីប ដូចដែលសារព័ត៌មានខាងលើបានផ្សព្វផ្សាយ ដើម្បី បញ្ជាក់ឱ្យឃើញការពិតឱ្យបានច្បាស់លាស់ជូនដល់សាធារណជន និងប្រជាជនកម្ពុជាទាំងមូល ក៏ដូចជា ដើម្បីធានារក្សាកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សូម លោកស្រីរដ្ឋមន្ត្រី មេត្តាទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅអំពីខ្ញុំ៕
ដោយ, សុខ ខេមរា