ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី ០២ ខែមេសា ឆ្នាំ២០១៦ នៅឃុំតាលន់ ស្រុកស្អាងខេត្តកណ្តាល មានរៀបចំវេទិការជួបសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋ ក្រោមអធិបតីភាពលោកម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។ សមាសភាពអញ្ជើញចូលរួមមាន៖ លោក លោកស្រី សមាជិក្រុមប្រឹក្សាខេត្ត លោកស្រី អភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រី ប្រធាន សមាជិកក្រុមប្រឹក្សា និងគណៈអភិបាលស្រុកស្អាង លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំតាលន់ មេភូមិ អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋប្រមាណ ៧០០ នាក់។
លោកអភិបាលបានលើកឡើងពីគោលបំណងសំខាន់ដើម្បីចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងស្តាប់យោបល់ប្រមូលយកតម្រូវការ សំណូមពរនានារបស់ប្រជាពលរដ្ឋ។ លើសពីនេះ លោកក៏បានលើកឡើងពីការអភិវឌ្ឍន៍រីកចម្រើននូវហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេសមានដូចជា ផ្លូវ ថ្នល់ សាលារៀន ស្ពានជាច្រើនដែលមិនធ្លាប់មានពីមុនមក ដោយបានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើអោយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពប្រសើរឡើង។ លោកក៏បានលើកឡើងពីការទទួលបាននូវសន្តិភាពពេញលេញ ក្នុងប្រវត្តិសាស្ត្រជិត៥០០ ឆ្នាំ ពុំធ្លាប់មាន ដែលទទួលបានតាមរយះនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងអឡុងឆ្នាំ ១៩៩៨-១៩៩៩។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមក៏បានលើកឡើងពីការធ្វើរដ្ឋប្រហារទម្លាក់សម្តេចនរោត្តមសីហនុ ដោយរបបលន់ នល់ និងការផ្តួលរំលំរបប លន់ នល់ ដោយពួកខ្មែរក្រហម ដែលបាននាំប្រទេសជាតិធ្លាក់ក្នុងភ្លើងសង្រ្គាម និងសម្លាប់ប្រជាជនរាប់លាននាក់។ ក្រោយថ្ងៃរំដោះ ៧ មករា បានធ្វើអោយប្រទេសជាតិមានការប្រែមុខប្រែមាត់ និងមានការរីកចម្រើនដូចសព្វថ្ងៃនេះ ដោយការដឹកនាំរបស់សម្តេចអគ្កមហាសេនាបតីតេជោ ហ៊ុន សែន ។ ក្នុងនោះដែរ ឯកឧត្តមក៏បានរំលឹកពីលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំតាលន់ ទាំងបីអាណត្តិ កន្លងមក និងបានណែនាំអោយក្រុមប្រឹក្សា និងអាជ្ញាធរមូលដ្ឋានត្រូវខិតខំបម្រើប្រជាពលរដ្ឋអោយបានល្អ។
បន្ទាប់មក លោកអភិបាលក៏បានប្រគល់វេទិកាអោយទៅប្រជាពលរដ្ឋក្នុងការឡើងបញ្ចេញយោបល់ លើកជាសំនួរ សំណូមពរ មកកាន់អជ្ញាធរ ដោយក្នុងនោះប្រជាពលរដ្ឋចំនួន ០៤ រូប បានលើកឡើងពីបញ្ហាប្រឈម ទុក្ខកង្វល់ ពាក់ព័ន្ធទៅនឹងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ វត្តអារាម ប្រព័ន្ធធារាសាស្ត្រ ។
ជាការឆ្លើយតប លោកអភិបាលបានទទួលបានយកយោបល់ សំណូមពរ ដោយចាត់អោយខាងជំនាញចុះសិក្សាស្រាវជ្រាវ ដើម្បីមានវិធានការ និងធ្វើការដោះស្រាយជាបន្ត ហើយក្នុងនោះឯកឧត្តមបានធ្វើការឆ្លើយតបនៅនឹងទីកន្លែងដូចខាងក្រោម៖
-ឧបត្ថម្ភ ថវិកាចំនូន ២០ លានរៀល ក្នុងការចាក់បេតុងខឿនទីធ្លាព្រះវិហារវត្តព្រែកស្លែង ស្ថិតក្នុងភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង។
– អោយជំនាញសិក្សាធ្វើផ្លូវថ្មីប្រវែង១២០០ម៉ែត្រ កំពស់ ២.៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ កាត់ពីសាលាឃុំតាលន់ទៅភូមិវាលត្រែង។
ក្នុងឱកាសនោះផងដែរ លោកអភិបាលបានឧបត្ថម្ភដល់អ្នកចូលរួមទាំង ៧០០ នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ១ម៉ឺនរៀល សរុបថវិកា ចំនួន ៧.០០០.០០០ រៀល៕
ដោយ៖ ស្អាងជ័យ