ភ្នំពេញ, តាងនាមឱ្យសម្តេចតេជោនាយករដ្ឋមន្រ្តី លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមដោយផ្ទាល់ ព្រមទាំងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំជាន់ខ្ពស់ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតចលនាមិនចូលបក្សសម្ព័ន្ធ ដែលនឹងរៀបចំឡើងនៅថ្ងៃទី ១១-១២ ខែតុលា ឆ្នាំ២០២១ នៅទីក្រុងប៊ែលក្រាត សាធារណរដ្ឋស៊ែប៊ី។
នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់អោយដឹងថា, តាងនាមឱ្យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក កម្ពុជា លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំនៃក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមដោយផ្ទាល់ ព្រមទាំងថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំជាន់ខ្ពស់ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតចលនាមិនចូលបក្ស សម្ព័ន្ធ ដែលនឹងរៀបចំឡើងនៅថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០២១ នៅទីក្រុងប៊ែលក្រាត សាធារណរដ្ឋ ស៊ែប៊ី។
កិច្ចប្រជុំដែលរៀបចំឡើងដោយសហប្រធាន លោក អ៊ុំហាម អាលីយែវ ប្រធានាធិបតីនៃ សាធារណរដ្ឋអាស៊ែបៃហ្សង់ និងជាប្រធានចលនាមិនចូលបក្សសម្ព័ន្ធនាពេលបច្ចុប្បន្ន (NAM) និង លោក អាឡិចសាន់ដឺ វូឈីគ ប្រធានាធិបតីនៃសាធារណរដ្ឋស៊ែប៊ី នឹងផ្ដល់ឱកាសដល់អ្នកចូលរួម ទាំងអស់ធ្វើការបញ្ជាក់ការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគោលការណ៍សំខាន់ទាំង៥ របស់ NAM រួមមាន៖ ១)ការគោរពបូរណភាពដែនដី និងអធិបតេយ្យភាពគ្នាទៅវិញទៅមក ២)ការមិនឈ្លានពានគា្នទៅ វិញទៅមក ៣)ការមិនលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមក ៤)ផលប្រយោជន៍ស្មើគ្នា និង ទៅវិញទៅមក និង៥)សន្តិសហវិជ្ជមាន ដែលគោលការណ៍ទាំង៥នេះ បាននិងកំពុងចូលរួមចំណែក ដល់ការលើកកម្ពស់សន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុងពិភពលោក មានការរំពឹងទុកដែរថា បញ្ហាតំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍ និងកង្វល់រួម ក៏នឹងត្រូវបានលើកយកមកពិភាក្សា ផងដែរ។
សេចក្តីថ្លែងការណ៍របស់ លោក អ៊ុច បូររិទ្ធ នឹងផ្តោតជាសំខាន់ទៅលើសារៈសំខាន់ន ការគាំទ្រគោលការណ៍ទាំង៥ របស់ NAM និងការប្តេជ្ញាចិត្តចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងសិទ្ធិមនុស្ស តួនាទីដ៏ចាំបាច់របស់ NAM និងនីតិរដ្ឋ សម្រាប់បណ្តារដ្ឋតូចៗ វ៉ាក់សាំងពហុភាគីនិយម និងជំងឺរាតត្បាតកូវីដ-១៩ និងកិច្ចខិតខំប្រឹងប្រែង ធ្វើការឆ្លើយតបដើម្បីស្តារឡើងវិញក្រោយវិបត្តិកូវីដ-១៩៕
ដោយ, សុខ ខេមរា