ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានរៀបចំគូប្រកួតដណ្តើមប្រាក់លាន នៅក្នុងការប្រកួត «Ultimate Boxing Championship 2021» សម្រាប់សប្តាហ៍ទី៣ នាវេលាម៉ោង៦ល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ នៅសង្វៀននាយកដ្ឋានអង្គរក្ស ដើម្បីធ្វើឲ្យព្រឹត្តិការណ៍គោលដៅឆ្ពោះទៅស៊ីហ្គេមមួយនេះកាន់តែកក្រើកទាក់ទាញពីមួយសប្តាហ៍ទៅមួយសប្តាហ៍។ នេះបើយោងតាមផេក ( Cambodia SEA GAMES 2023) CAMSOC និងប្រភពរូបភាព Yuen_Punlue ជាមួយទិសស្លោកថា,យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា
#កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE បានបង្ហោះនៅល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ។
ផេក ( Cambodia SEA GAMES 2023) បានបន្តថា, បើតាមលោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានឲ្យដឹងថាសម្រាប់ការប្រកួតប្រដាល់សកល សប្តាហ៍ទី៣នេះ ក៏មាន៦ប្រកួតដូច២សប្តាហ៍កន្លងទៅដែរ ប៉ុន្តែអ្វីដែលកាន់តែកក្រើកទៀតនោះ សហព័ន្ធបានរៀបចំផ្គូផ្គងកីឡាករខ្លាំងៗ និងក្រុមជម្រើសជាតិចំនួន៤នាក់ លើប្រភេទទម្ងន់ ៦៣,៥០គីឡូក្រាម ជាបេក្ខភាពក្នុងការប្រកួតដណ្តើមប្រាក់លាន ដោយសប្តាហ៍ទី៣ នាចុងសប្តាហ៍នេះនឹងប្រកួតសន្សំពិន្ទុ ហើយឆ្ពោះទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ នា២សប្តាហ៍បន្ទាប់។
បេក្ខភាព៤នាក់នេះរួមមាន៖ កីឡាករ សែត សារឹត មកពីសមាគមប្រដាល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប៉ះជាមួយ ទូច ដេវីត កីឡាករជម្រើសជាតិប្រដាល់សកលកម្ពុជា ខណៈ១ប្រកួតទៀតដែលការប៉ះគ្នារវាង ជម្រើសជាតិ និងជម្រើសជាតិ វី សុភ័ស និងម៉ាង ព្រហ្មម៉ាញ។
វី សុភ័ស លើកឡើងថា «នៅកន្លែងហ្វឹកហាត់ប្រមូលផ្ដុំជម្រើសជាតិយើងហាត់ជាមួយគ្នា ប៉ុន្តែនៅលើសង្វៀងប្រកួត យើងជាគូប្រជែង ដែលត្រូវតែប្រឹងប្រែងយកឈ្នះរៀងៗខ្លួន»។ ម៉ាង ព្រហ្មម៉ាញ និយាយថា «ខ្ញុំតាំងចិត្តថានឹងវ៉ៃយកឈ្នះដែរ។ សម្រាប់បច្ចេកទេសខ្ញុំ និងសុភ័សនោះ ប្រហាក់ប្រហែលគ្នាទេ គ្រាន់តែគាត់មានពិសោធន៍នៅលើផ្នែកសកលច្រើនជាង»។
ជម្រើសជាតិ ទូច ដេវីដ បញ្ជាក់ថា «ការជួបប្រកួតជាមួយ សែត សារឹត លើកនេះ គឺគូប្រជែងជាអ្នកខ្លាំងដែរ ដូច្នេះខ្ញុំក៏មានផលលំបាកក្នុងការប្រកួតនេះ ដោយសារខ្ញុំដំឡើងទម្ងន់។ បើខ្ញុំប្រកួតលើប្រភេទទម្ងន់ ៦០គីឡូក្រាម គឺជាទម្ងន់ពិតរបស់ខ្ញុំ ហើយខ្ញុំមានសង្ឃឹមច្រើនជាង»៕
ដោយ, សិលា