ខេត្តកណ្ដាល: ម្ចាស់ហាងដែលមានយីហោ «រង់ចាំ» ម្នាក់ត្រូវបាននគរបាលក្រុងតាខ្មៅឃាត់ខ្លួនពីបទរំលោភសេពសន្ថវៈ។ ការឃាត់ខ្លួនជនសង្ស័យនេះធ្វើឡើងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ដែលករណីនេះបានកើតឡើងកាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២៣និង៣០នាទី នៅចំណុចបន្ទប់គិតលុយហាងរង់ចាំ ស្ថិតក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា ជនរងគ្រោះមានអាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកជនសង្ស័យឈ្មោះ ស្វាយ ស៊ីសុថា ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់ហាងរង់ចាំ និងជាចាងហ្វាងកាសែតអនឡាញNKP ស្នាក់នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ប្រភពដដែលបន្តថា តាមការបំភ្លឺរបស់ជនរងគ្រោះបានប្រាប់ថា រូបគាត់និងជនសង្ស័យបានរាប់អានគ្នាជាយូរណាស់មកហើយ។ នៅមុនពេលកើតហេតុជនសង្ស័យបានតេមកគាត់ ហើយជិះម៉ូតូមកឌុបរូបគាត់ទៅផឹកស្រាបៀរនៅហាងរបស់ជនសង្ស័យយីហោ រង់ចាំ រួចក៏នាំគ្នាអង្គុយផឹកស្រាបៀរក្នុងបន្ទប់គិតលុយតែ២នាក់អស់ស្រាបៀរចំនួន៧កំប៉ុង បណ្តាលឱ្យស្រវឹងរៀងៗខ្លួន។ លុះដល់ម៉ោង១១យប់ក៏ស្រាប់ជនសង្ស័យមានអារម្មណ៍ផ្លូវភេទក៏បានចាប់គាត់រំលោភសេពសន្ថវៈរហូតបានសម្រេចម្តង ហើយក៏បាននាំគ្នាដេកលង់លក់ទៅ។ រហូតមកដល់វេលាម៉ោង១រំលងអធ្រាត្រ រូបគាត់ក៏បានលួចទូរសព្ទ័មួយគ្រឿងម៉ាកoppo របស់ជនសង្ស័យដើម្បីទុកជាភស្តុតាង ហើយគាត់ក៏រត់គេចទៅផ្ទះគាត់វិញ ។ លុះមកដល់ថ្ងៃទី០៧ខែតុលាឆ្នាំ២០២១ រូបគាត់ក៏ត្រូវម្តាយនាំមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កំពង់សំណាញ់ និងបានយកទូរស័ព្ទរបស់ជនសង្ស័យមកប្រគល់ឱ្យសមត្ថកិច្ចវិញដើម្បីរកយុត្តិធម៌ឱ្យរូបគាត់ និងសូមឱ្យចាត់ការតាមផ្លួវច្បាប់ ។
លុះដល់ថ្ងៃទី០៨ខែតុលាឆ្នាំ២០២១ សមត្ថកិច្ចប៉ុស្តិ៍កំពង់សំណាញ់ ក៏បានហៅជនសង្ស័យមកសាកសួរ ហើយជនសង្ស័យបានឆ្លើយថា៖ គាត់ពិតជាបានស្គាល់និងមានទំនាក់ទំនងស្នេហាជាមួយជនរងគ្រោះពិតប្រាកដមែន គឺចាប់តាំងពីឆ្នាំ២០១៨ មកម្ល៉េះ ហើយក៏ធ្លាប់បានដេករួមរ័កជាមួយគ្នាបានសម្រេចចំនួន១០ដង នៅផ្ទះសំណាក់ ហើយក្រោយរួមរ័កគ្នារួចម្តងៗគាត់តែងឱ្យលុយទៅជនរងគ្រោះចាប់ពី១៥ម៉ឺន ទៅ២០ម៉ឺនរៀល។ មកដល់ឆ្នាំ២០១៩ ក៏បានផ្តាច់ទំនាក់ទងគ្នាវិញ មូលហេតុដោយសារជនរងគ្រោះឈប់ស្រលាញ់មនុស្សប្រុស ទៅស្រលាញ់មនុស្សស្រីដូចគ្នាវិញ។ រហូតមកដល់ថ្ងៃកើតហេតុ គាត់ក៏បានតេទូរស័ព្ទណាត់ជួបគ្នា ហើយគាត់ក៏បានទៅឌុបជនរងគ្រោះមកផឹកតែ២នាក់នៅហាងរបស់ខ្លួនយីហោរង់ចាំក្នុងបន្ទប់គិតលុយ អស់ស្រាបៀរ៧កំប៉ុងបណ្តាលឱ្យស្រវឹងរៀងៗខ្លួន រួចដេកលង់លក់រៀងខ្លួនអស់ទៅ ដោយគាត់មិនបានចាប់រំលោភលើជនរងគ្រោះដូចការចោទប្រកាន់របស់ជនរងគ្រោះឡើយ។ លុះគាត់ភ្ញាក់ដឹងខ្លួនវិញទើបដឹងថាបានបាត់ទូរសព្ទ័មួយគ្រឿងម៉ាកoppo ដែលជនរងគ្រោះបានលួចយកទៅ ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្នាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីនៃច្បាប់៕ ដោយស្អាងជ័យ