ខេត្តត្បូងឃ្មុំ៖ លោក ចាយ បូរិន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីបើកនិងបិទ វគ្គបណ្តុះបណ្តាលផ្សព្វផ្សាយស្តីពី នីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតដល់ក្រុមអ្នកច្បាប់ មេឃុំ ជំទប់ ចំនួន៧ឃុំនៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១នេះ ដោយមានសិក្ខាកាមចូលរួមជាង៦០នាក់ ។
លោក ចាយ បូរិន បានចែករំលែកបទពិសោធន៍ ចំណេះដឹង ក្នុងពិធីបំប៉នស្តីពីច្បាប់ បទបញ្ជានិងនីតិវិធី នានានៃការចុះឈ្មោះនិងពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ ដែលនិងប្រព្រឹត្តទៅនៅពេលខាងមុខនេះ ។
លោក ចាយ បូរិន បានមានប្រសាសន៍លើកឡើងថា សារៈសំខាន់នៃវគ្គបណ្តុះបណ្តាលនេះ គឺមានគោលបំណងដើម្បីឱ្យសិក្ខាកាម ដែលជាគ្រូបង្គោលនៃក្រុមអ្នកច្បាប់ ភ្នាក់ងារគណបក្ស មេឃុំ ជំទប់ នៅក្នុងស្រុកតំបែរទាំងអស់ បានយល់ដឹង អំពីច្បាប់ និងបទបញ្ជានីតិវិធីនានា របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រាប់ចុះឈ្មោះនិងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ។
ដើម្បីជួយលើកកម្ពស់ក្នុងការចូលរួមចាត់តាំងអនុវត្តការងារសម្រាប់ការងារបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៥ ឆ្នាំ២០២២ នេះ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ លោកក៏បានស្នើដល់ ក្រុមអ្នកច្បាប់ មេឃុំ និងជន្ទប់ត្រូវយកចិត្តទុកដាក់ខ្ពស់លើការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត២០២១ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នេះ ដោយខិតខំ យកចិត្តទុកដាក់ជំរុញអ្នកមិនទាន់បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតដូចជាអ្នកទើបតែផ្លាស់ប្តូរទីលំនៅអ្នកទើបត្រឡប់ពីចំណាកស្រុក អ្នកទើបគ្រប់អាយុ ១៨ឆ្នាំបានទៅចុះឈ្មោះគ្រប់ៗគ្នាក្នុងរយៈពេលនៃការរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០២១ ចាប់ពីថ្ងៃទី១២ខែតុលាដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ឃើញថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ នៅសល់ពេលវេលាប្រមាណ៥០ថ្ងៃប៉ុណ្ណោះ ដូច្នេះយើងត្រូវចូលរួមដោះស្រាយបញ្ហានេះឱ្យទទួលបានជោគជ័យ ក្នុងរយៈពេលចុះឈ្មោះនិងពិនិត្យបញ្ជីឈ្មោះ ការផ្ទៀងផ្ទាត់ឈ្មោះក្នុងបញ្ជីបោះឆ្នោត តាមការកំណត់របស់ គ.ជ.ប៕ដោយ៖សហការី