ភ្នំពេញ ៖ បុរសជាបុគ្គលិកធនាគារម្នាក់ ឃើញម៉ាសុីនត្រជាក់បំពាក់នៅលើជាន់ទី១ហៀរទឹក ខំឡើងទៅជូតទឹក
ក៏ស្រាប់តែឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ភ្លាមៗនៅនឹងកន្លែង បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ នៅផ្ទះលេខ២៤សេ ផ្លូវបេតុងលេខ២ បុរីឡុងនី ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះឈ្មោះ យ៉ាន់ ប្រសិទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិកធនាគារ មានប្រពន្ធជាបុគ្គលិកធនាគារជាមួយគ្នា រស់នៅផ្ទះកើតហេតុខាងលើ។
តាមការបំភ្លឺពីក្រុមគ្រួសារបានឱ្យដឹងថា មុនកើតហេតុ ម៉ាសុីនត្រជាក់ដែលចាប់បំពាក់នៅលើជាន់ទី១ ដាក់នៅយ៉ខាងមុខ មានហៀរទឹកកក្លាក់មកលើឥដ្ឋ។ ឃើញដូច្នេះជនរងគ្រោះឡើងទៅជូត ហើយដោយបាត់យូរពេក ម្យ៉ាងដល់ម៉ោងហូបបាយផងក្រុមគ្រួសារក៏ឡើងទៅតាមហៅ ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់ទៅហើយ ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យ និងគ្រូពេទ្យបានយកសំណាកធ្វើតេស្ត ជាក់ស្តែងជនរងគ្រោះស្លាប់ដោយខ្លួនឯង ទើបសមត្ថកិច្ចធ្វើឯកសារ ប្រគល់សពជូនក្រុមគ្រួសារដើម្បីចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖សុខាសែនជ័យ