ខេត្តបាត់ដំបង÷ នៅព្រឹកថ្ងៃ សៅរ៍ ៣ កើត ខែអស្សុជ ឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០ ២១ វេលា ម៉ោង០៤ និង០០នាទីនៅទៀបភ្លឺ អនុវត្តតាម យោបល់ដឹកនាំជាប់ជាប្រចាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរ សេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារ ព្រំដែនគោកលេខ ៨១៩ បានដឹក នាំកម្លាំងសហការជាមួយ កងកម្លាំងកងពលពលតូចថ្មើជើងលេខ ៥៣ ដែលឈរជើងនៅក្នុងភូមិសាស្រ្ត ឃុំបឹងរាំងស្រុកកំរៀង ខេត្តបាត់ដំបង រួមជាមួយសមត្ថកិច្ចនៃព្រះរាជាណាចក្រថៃ ដែលស្ថិតក្នុងភូមិសាស្រ្តជាប់ព្រំប្រទល់គ្នាបានបង្រ្កាបទប់ស្កាត់បានទាន់ពេលប្រជាពលរដ្ឋដែលលបលួចឆ្លងដែនពីប្រទេសកម្ពុជា ចូលទៅក្នុង ប្រទេសថៃដោយខុសច្បាប់ ហើយឃាត់ខ្លួនបានចំនួន ៥៨នាក់ ក្នុងនោះមានស្រី្តចំនួន ៣៦នាក់និងកុមារចំនួន០៥នាក់ផងដែរ។
លោកបានបន្តថា÷នៅពេលបង្រ្កាបទប់ស្កាត់បានភ្លាមៗសមត្ថកិច្ចថៃបានបញ្ជូនពួកគាត់ទាំងចំនួន៥៨នាក់នេះ ប្រគល់មកឱ្យសមត្ថកិច្ចរបស់កម្ពុជាវិញនៅវេលាព្រឹកនេះ។
នៅពេលបន្ទាប់នេះសមត្ថកិច្ចពាក់ព័ន្ធកំពុងធ្វើការសាកសួរស្រាវជ្រាវដើម្បីស្វែងរកប្រភពមេខ្យល់ដែលដឹកនាំពួកគាត់លបលួចឆ្លងដែនចូលទៅក្នុងប្រទេសថៃដោយខុសច្បាប់ដើម្បីអនុវត្តតាមច្បាប់បន្តទៀត៕
ដោយ៖ ស សារ៉េត