ស្ថានទូតជប៉ុនប្រចាំកម្ពុជា : «លិខិតប្ដូរសារសម្រាប់ ឥណទានសម្បទាន១គម្រោង និងហិរញ្ញប្បទានឥតសំណង៥គម្រោង»

ចែករំលែក៖

ភ្នំពេញ, នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបង្ហោះលើផេកផ្លូវការថា, ជាការឆ្លើយតបទៅនឹងសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា និងក្នុងគោលបំណងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុននិងព្រះរាជាណាចក្រកម្ពុជា រដ្ឋាភិបាលជប៉ុនបានសម្រេចពង្រីកជំនួយអភិវឌ្ឍផ្លូវការ (ODA) ជាឥណទានសម្បទាន ដែលមានទឹកប្រាក់សរុបចំនួន ៦ ៣៣៦ លានយ៉េន ប្រមាណជា ៥៧.៦ លាន ដុល្លារអាមេរិកសម្រាប់ “គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប (ដំណាក់កាលទី២)” និងហិរញ្ញប្បទានឥតសំណង៥គម្រោង ដែលមានទឹកប្រាក់សរុបចំនួន ១ ៦០០ លានយ៉េន ប្រមាណជា ១៤.៥ លានដុល្លារសម្រាប់ “កម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម” ។

“គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប (ដំណាក់កាលទី ២)” នឹងបន្តអភិវឌ្ឍបរិក្ខារបូមទឹកឆៅ និងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតដែលមានសមត្ថភាពផលិត៦០ ០០០ ម៉ែត្រគីបក្នុងមួយថ្ងៃ និងបណ្ដាញចែកចាយទឹកដែលមានប្រវែងលើស ២០០គីឡូម៉ែត្រ នៅខេត្តសៀមរាប បន្ទាប់ពីដំណាក់កាលទី ១ ។
ចំណែកគម្រោង “កម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម” ប្រភេទសម្ភារៈនិងបរិក្ខារផ្សេងៗ នឹងត្រូវផ្តល់ជូនដល់ ៥ វិស័យដូចខាងក្រោម៖
-ការគាំទ្រដំណើរការកសាងផែនការបោសសម្អាតមីន និងត្រួតពិនិត្យគុណភាពលើផ្ទៃដីបោសសម្អាត (Landmine Action Sector) មានទឹកប្រាក់ចំនួន ២០០លានយ៉េន (ប្រមាណ ១.៨ លានដុល្លារអាមេរិក)
-សម្ភារៈបច្ចេកទេស សម្រាប់មន្ទីរពិសោធន៍ជាតិសំណង់ (Construction Material Sector) មានទឹកប្រាក់ចំនួន ២៥០លានយ៉េន (ប្រមាណ ២.៣ លានដុល្លារអាមេរិក)
-សម្ភារៈបច្ចេកទេសសម្រាប់ស្ថានីយវាស់វែងអចិន្ត្រៃយ៍ និងមជ្ឈមណ្ឌលទិន្នន័យ (Cadastral Survey Sector) មានទឹកប្រាក់ចំនួន ២៥០លានយ៉េន (ប្រមាណ ២.៣ លានដុល្លារអាមេរិក)
-ការបំពាក់សម្ភារៈនិងបរិក្ខារបច្ចេកទេសសម្រាប់គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (Human Resource Development Sector) មានទឹកប្រាក់ចំនួន ៤០០ លានយ៉េន (ប្រមាណ ៣.៦ លានដុល្លារអាមេរិក)
-ការបំពាក់សម្ភារៈនិងបរិក្ខារ និងគ្រឿងម៉ាស៊ីនក្នុងវិស័យឧស្សាហកម្មគ្រឿងយន្ត អេឡិចត្រូនិច និងមេកានិក នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (Manufacturing Sector) មានទឹកប្រាក់ចំនួន ៥០០ លានយ៉េន (ប្រមាណ ៤.៥ លានដុល្លារអាមេរិក)
គម្រាងសហប្រតិបត្តិការទាំងនេះត្រូវបានរំពឹងទុកថា នឹងចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យនីមួយៗនាពេលអនាគត និងការយោគយល់គ្នាទៅវិញទៅមក ក៏ដូចជាការពង្រឹងទំនាក់ទំនងមិត្តភាពរវាងជប៉ុននិងកម្ពុជា។

លិខិតប្ដូរសារនៃគម្រាងទាំងនេះត្រូវបានចុះហត្ថលេខារវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅម៉ោង ៩ព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print