ភ្នំពេញ, នៅមុននេះបន្តិច! នាវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបង្ហោះលើ facebook ផ្លូវការលោកថា, ខ្ញុំ និង លោកឯកអគ្គរដ្ឋទូតជប៉ុន មិកាមិ ម៉ាសាហ៊ីរ៉ូ បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានតម្លៃប្រមាណជាង ៧២ លានដុល្លារអាមេរិក។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា, ឥណទានសម្បទានប្រមាណ ៥៨ លានដុល្លារអាមេរិកនឹងជួយទ្រទ្រង់ការអនុវត្តគម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ ទឹកស្អាតខេត្តសៀមរាប ខណៈដែលហិរញ្ញប្បទានឥតសំណងនឹងផ្តោតសំខាន់ទៅលើគម្រោងចំនួន ៥ ដូចជាសកម្មភាពបោសសម្អាតមីន សម្ភារៈបច្ចេកទេសសម្រាប់មន្ទីរពិសោធន៍ជាតិសំណង់ សម្ភារៈបច្ចេកទេសសម្រាប់ស្ថានីយវាស់វែងអចិន្ត្រៃយ៍និងមជ្ឈមណ្ឌលទិន្នន័យ សម្ភារៈនិងបរិក្ខារបច្ចេកទេសសម្រាប់គ្រឹះស្ថានអប់រំ និង សម្ភារៈនិងបរិក្ខារបច្ចេកទេសសម្រាប់ឧស្សាហកម្មគ្រឿងយន្ត អេឡិចត្រូនិច និងមេកានិក។ កម្ពុជាជប៉ុន 🇰🇭 🇯🇵 ៕
ដោយ, សិលា