ភ្នំពេញ, នៅយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១
ក្រសួងយុត្តិធម៌ បានចេញសេចក្តីប្រកាសព័ត៌មានអោយដឹងថា, ក្រសួងយុត្តិធម៌មានកិត្តិយសសូមជម្រាបជូន លោក-លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងយុត្តិធម៌ ព្រមទាំងសាធារណជនមេត្តាជ្រាបថា ដោយអនុវត្តតាមសារាចរ របស់រាជរដ្ឋាភិបាលលេខ ០៧ សរ ចុះថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ ស្តីពីការពង្រឹងវិធានការគ្រប់គ្រងការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ សម្រាប់អំឡុងពេល និងក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នេះ ក្រសួងយុត្តិធម៌បានរៀបចំការធ្វើតេស្ត រហ័សរកមេរោគកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌ នៅទីស្តីការក្រសួងយុត្តិធម៌ និងនៅតាមអង្គភាពទាំងអស់ចំណុះក្រសួងយុត្តិធម៌ ក្រោយពេលវិលត្រឡប់ចូលបំពេញការងារវិញ បន្ទាប់ពី ការឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។
ក្រោយពីបញ្ចប់ការធ្វើតេស្តរហ័សនេះឃើញថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងយុត្តិធម៌សរុបចំនួន ៤៦៤ រូប បានមកធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ហើយជាលទ្ធផល នៅក្នុងចំណោមអ្នកដែលបានធ្វើ តេស្តរហ័សទាំងអស់ គឺមានមន្ត្រីចំនួន ៥ រូប ត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ-១៩ កម្រិតស្រាល និង ពុំមានចេញរោគសញ្ញាណាមួយឡើយ។
ចំពោះអ្នកដែលរកឃើញមានវិជ្ជមានមេរោគកូវីដ-១៩ ត្រូវបានផ្ដល់ព័ត៌មានដល់មន្ត្រីមូលដ្ឋានដែល មានសមត្ថកិច្ច និងត្រូវបានអនុញ្ញាតឱ្យធ្វើការព្យាបាលនៅតាមផ្ទះរៀងៗខ្លួន ស្របតាម “នីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ”។ ដោយឡែក ចំពោះអ្នកមានការពាក់ព័ន្ធ ដោយផ្ទាល់ជាមួយនឹងអ្នកដែលមានវិជ្ជមានមេរោគកូដ-១៩ ទាំងអស់ខាងលើ ក៏ត្រូវបានតម្រូវឱ្យធ្វើចត្តាឡីស័ក ព្រមទាំងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។
ផ្អែកតាមលទ្ធផលខាងលើនេះ ក្រសួងយុត្តិធម៌សូមធ្វើការដាស់តឿន និងក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការចម្លង និងការឆ្លងនៃមេរោគកូវីដ-១៩ ដោយ ត្រូវប្រកាន់ខ្ជាប់នូវវិធានការគន្លឹះ “៣កុំ ៣ការពារ” ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធ និង ទប់ស្កាត់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោក-លោកស្រី ជាថ្នាក់ដឹកនាំ និង មន្ត្រីរាជការទាំងអស់នៃក្រសួងយុត្តិធម៌ ព្រមទាំងសាធារណជន មេត្តាជ្រាបជាព័ត៌មានតាមការគួរ៕
ដោយ, សុខ ខេមរា