ខេត្តព្រៃវែង៖ បើយោងតាមប្រភពពី រដ្ឋបាលខេត្តព្រៃវែង បានបញ្ជាក់អោយដឹងថា រសៀលថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងលោកស្រី កែ សួនសុភី សសុខា បានចូលរួមពិធីរំកិលទូក “ង” កម្ពោជិកបុត្តាខេមរាតរី វែងជាងគេលើពិភពលោក ចេញពីទួលបារាយណ៍អណ្តែតមកចុងប៉ម មុខសាលាខេត្តព្រៃវែង ក្រោមអធិបតីភាព លោកជំទាវ ញ៉ែម សាខន សខេង ដែលប្រព្រឹត្តទៅនៅទួលបារាយណ៍អណ្តែត ក្រុងព្រៃវែង។
ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីអនុគណៈកម្មការសាងសង់រោងតម្កល់ទូក “ង” ខ្នាតវែង ប្រធានសហភាពសហព័ន្ធយុវជនខេត្តព្រៃវែង អភិបាលរងខេត្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត កងកម្លាំងទាំងបី និងចំណុះទូក”ង”។
សូមរម្លឹកថា កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្ពុជាបាន បំបែកឯកទគ្គកម្មទូក « ង » វែងជាងគេលើពិភពលោក Guinness World Record ដែលមានបណ្ដោយប្រវែង ៨៧,៣០ ម៉ែត្រ ទទឹង១,៩៤ម៉ែត្រ និងដាក់ចំណុះទូកបាន១៧៩នាក់។
សារជាថ្មីម្តងទៀតលោក អភិបាលខេត្ត បានថ្លែងអំណរគុណដល់លោកស្រី ញ៉ែម សាខន សខេង និងអនុគណៈកម្មការសាងសង់រោងតម្កល់ទូកខ្នាតវែង ជាពិសេស កងកម្លាំងទាំងបី និងចំណុះទូក “ង”ទាំងអស់ដែលបានខិតខំអស់កម្លាំងកាយចិត្តក្នុងការរំកិលទូក ង “កម្ពោជិកបុត្តាខេមរាតរី” ទទួលបានជោគជ័យ៕
ដោយ៖សិលា