ភ្នំពេញ ៖ ស្ត្រីម្នាក់របួសធ្ងន់ និងប្រុសស្រី២នាក់ទៀតរងរបួសស្រាល បន្ទាប់ពីជិះម៉ូតូឌុបគ្នាឆ្លងកាត់ផ្លូវបំបែកត្រូវបុរសម្នាក់សង្ស័យស្រវឹងស្រាជិះម៉ូតូមកបុកពេញទំហឹង កាលពីវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃទី១១ ខែតុលារ ឆ្នាំ២០២១ នៅត្រង់ចំណុចច្រមុះជ្រូកស្ទឹងមានជ័យ តាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។
យោងតាមសម្ដីនារីម្នាក់និងជាជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកេីតហេតុ រូបគាត់មានគ្នា៣នាក់(ប្រុសម្នាក់ ស្រី២នាក់)ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HV-1209 ឌុបគ្នាតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីលិចមកកេីត ខណៈមកដល់ផ្លូវបំបែកជាបីស្រាប់តែមានបុរសម្នាក់ដូចជាស្រវឹងស្រាខ្លាំងបានជិះម៉ូតូមួយគ្រឿងម៉ាក CBR ពណ៌លឿងលាយស ពាក់ស្លាកលេខភ្នំពេញ 1BF-3129 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីត្បូងមកជេីងហេីយបុកចំជេីងស្ត្រីម្នាក់អង្គុយខាងក្រោយបណ្ដាលឲ្យបាក់ជេីងម្ខាងរងរបួសធ្ងន់ រីឯប្រុសស្រី២នាក់ទៀតដួលរងរបួសស្រាល ។
ក្រោយកេីតហេតុភ្លាមៗ បុរសម្នាក់ដែលបង្កហេតុបានដកសោរម៉ូតូដេីរចូលបន្ទាយកងរាជអាវុធហត្ថរាជធានីភ្នំពេញបាត់ឈឹង ។ ដោយឡែកស្ត្រីម្នាក់ដែលរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។ រីឯម៉ូតូទាំងពីរគ្រឿងខាងលេីត្រូវបានសមត្ថកិច្ចមូលដ្ឋានអូសយកទៅរក្សាទុក រង់ចាំភាគីទាំងសងខាងចូលខ្លួនដោះស្រាយតាមក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ