ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះនៅជាន់ទី១យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចយករថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១ និង២០នាទីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមផ្លូវឌឿងហែម កែងផ្លូវលេខ១០៧ ក្បែរក្រុមហ៊ុន វីរៈប៊ុនថាំ ក្នុងសង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានផ្សែងនិងអណ្តាតភ្លើងហុយ ចេញពីផ្ទះប្រជាពលរដ្ឋនៅជាន់ទី១ ក៏ជួយគ្នាជួយបាញ់ទឹកនិងយកបំពង់ពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ តែដោយសារស្ថានភាពភ្លើងឆាបឆេះខ្លាំងពេកទើបប្រជាពលរដ្ឋទប់ស្កាត់មិនបាន ក៏បានរាយការណ៍ទៅកម្លាំងសមត្ថកិច្ច ការិយាល័យ បង្ការ និងពន្លត់អគ្គិភ័យ ដើម្បីយករថយន្តពន្លត់អគ្គិភ័យមកជួយធ្វើអន្តរាគមន៍។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកក៏បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យជាច្រើនគ្រឿង និងរថយន្តជំនួយផ្សេងៗទៀតចេញមកធ្វើអន្តរាគមន៍ជួយបាញ់ទឹកពន្លត់អស់ជាច្រើនគ្រឿង ជៀសវាងបង្កការរាលដាលដល់ផ្ទះអ្នកដទៃ ឬបង្កគ្រោះថ្នាក់ដល់មនុស្ស។
ក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣រថយន្ត ប្រើប្រាស់ទឹកអស់៦ឡាន ប្រើរយៈពេលជិត១ម៉ោងទើបអគ្គិភ័យរលត់ទៅវិញ ។ ចំពោះការខូចខាតវិញគឺឆេះសម្ភារខាងក្នុងជាន់ទី១អស់ទាំងស្រុង តែមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ ចំណែកមូលហេតុកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវ៕
ដោយ៖ រ៉ារ៉ា