មានករណីវាយប្រហារគ្រាប់បែកទៅលើព្រះវិហារអ៊ីស្លាមនិកាយស៊ីអ៊ីត នៅទីក្រុង កានដាហា ភាគខាងត្បូងអាហ្វហ្គានីស្ថាន បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន។ ការវាយប្រហារកើតឡើងនៅព្រះវិហារ Imam Barga ក្នុងទីក្រុងកានដាហា នាថ្ងៃទី១៥ខែតុលា ក្នុងពេលសាសនិកអ៊ីស្លាមកំពុងតែធ្វើពិធីបន់ស្រន់ស្ងៃសុខ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានផ្សាយថា មានអ្នកស្លាប់ជាច្រើន ប៉ុន្តែមិនបានបញ្ជាក់ពីតួលេខនោះឡើយ។ សាក្ស៊ីនៅកន្លែងកើតហេតុបានឲ្យដឹងថា តាមតួលេខជាបឋមមានមនុស្ស៧នាក់ស្លាប់និង ១៣នាក់រងរបួស ។ នៅពេលនេះគេមិនទាន់ដឹងពីមូលហេតុនៃការវាយប្រហារទៅលើព្រះវិហារ Imam Barga នៅឡើយទេ ប៉ុន្តែមានព័ត៌មានថាជាការវាយប្រហារអត្តឃាត។
ចំណែកសារព័ត៌មាន Aljazeera បានផ្សាយថា ការវាយប្រហារនៅព្រះវិហារ Imam Barga បានសម្លាប់មនុស្សដល់ទៅ ៣២ នាក់និងរបួស ៤៥នាក់។
នេះជាករណីវាយប្រហារគ្រាប់បែកអត្តឃាតលើកទីពីរហើយនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ក្រុម IS-K ដែលជាសាខាក្រុមភេរវកម្មរដ្ឋអ៊ីស្លាមបានប្រកាសទទួលស្គាល់ថាខ្លួនវាយប្រហារអត្តឃាតនៅព្រះវិហារ អ៊ីស្លាមនៅ Kunduz កាលពីសប្តាហ៍កន្លងមក។ ប៉ុន្តែការវាយប្រហារលើកនេះមិនទាន់ មានក្រុមណាមួយចេញមុខទទួលស្គាល់នៅឡើយទេ។
ទីក្រុង កានដាហា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់ ចាប់តាំងពីថ្ងៃទី ១៣ខែសីហា ក្រោយពេលក្រុមប្រដាប់អាវុធនេះបើកការវាយប្រហារដណ្តើមទីតាំងគញរប់គ្រង ៕ដោយ៖ធីរីណា
រូបថត៖RT.