ខេត្តបាត់ដំបង : បើគិតត្រឹមម៉ោង៩,០០ ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះ កំពស់ទឹកស្ទឹងសង្កែ បានហក់ឡើងដល់កំពស់១៣.២ម៉ែត្រ ហើយ ដែលជាសញ្ញាប្រាប់ឲ្យមានការប្រុងប្រយ័ត្ន។ មន្ត្រីធនធានទឹកបាននិយាយទៀតថា ជំនន់ទឹកដែលកំពុងមានសន្ទុះនៅតាមដងស្ទឹងសង្កែនាពេលនេះ ដោយសារតែនៅប៉ែកខាងលើនៃដងស្ទឹង ជាពិសេសនៅស្រុកសំឡូត ស្រុករតនមណ្ឌល និង តាមបណ្ដាស្រុកមួយចំនួនទៀត មានភ្លៀងធ្លាក់ជោកជាំជាប់ៗគ្នានាប៉ុន្មានថ្ងៃកន្លងទៅនេះ ទើបបង្កឲ្យមានជំនន់តាមដងស្ទឹងសង្កែ។
សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃសៅរ៍ ១០កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំប្រជុំកិច្ចការងារបច្ចេកទេស រួមជាមួយលោកអនុរដ្ឋលេខាធិការ លោកអគ្គនាយកកិច្ចការបច្ចេកទេស ថ្នាក់ដឹកនាំដែលជាប្រធានមុខព្រួញប្រចាំខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ រួមទាំងលោកប្រធាននាយកដ្ឋានជំនាញ លោកប្រធានមន្ទីរ និងក្រុមការងារបច្ចេកទេស ដើម្បីត្រួតពិនិត្យ តាមដានស្ថានភាពទឹក និងដាក់ផែនការបន្ថែម ដើម្បីបង្កាទុកជាមុនក្នុងករណីមានជំនន់ស្ទឹងព្រែកត្នោតកើតឡើង ព្រមទាំងចាត់ឲ្យអនុវត្តការងារជួសជុលកែលម្អសណ្តរទំនប់ឲ្យបានរឹងមាំ និងកាយយកកំប្លោក បើកមុខទឹក ពន្លឿនលំហូរទឹកឲ្យបានល្អប្រសើរជាងមុន តាមប្រព័ន្ធវីដេអូ Zoom ៕
ដោយ, សុខ ខេមរា