ភ្នំពេញ៖ យោងតាមផេក ( Cambodia SEA GAMES 2023) CAMSOC ជាមួយទឹសស្លោក #យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា
#កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE បានបញ្ជាក់អោយដឹងថា, ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា បានធ្វើដំណើរទៅដល់ប្រទេសជប៉ុន ដោយសុវត្ថិភាពហើយ ដើម្បីត្រៀមការប្រកួតជម្រុះពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022 Qualifiers ពូល K នាសប្ដាហ៍ក្រោយ។
សម្រាប់បេក្ខភាពពូល K ដែលត្រូវប្រជែងកៅអីវគ្គបន្ដ នៃពានរង្វាន់យុវជន U-23 ជើងឯកទ្វីបអាស៊ីនេះ មាន ៣ក្រុម រួមមានកម្ពុជា ហុងកុង និងម្ចាស់ផ្ទះជប៉ុន ។ ចំពោះកម្មវិធីប្រកួតក្រុមគោព្រៃជំទង់កម្ពុជា នឹងត្រូវជួប U-23 ហុងកុង នាថ្ងៃទី២៣-តុលា មុនជួបក្រុមម្ចាស់ផ្ទះ U-23 ជប៉ុន នាថ្ងៃទី២៦-តុលា នៅកីឡដ្ឋាន J-Village ខេត្ត Fukushima តែមួយប៉ុណ្ណោះ។
គួរដឹងថា ក្រុមជម្រើសជាតិ U-23 កម្ពុជា បានបន្ដដំណើរទៅប្រទេសជប៉ុន កាលពីល្ងាចថ្ងៃព្រហស្បតិ៍កន្លងទៅ ក្រោយបញ្ចប់បេសកកម្មជាមួយក្រុមជម្រើសជាតិកម្ពុជា(ក្រុមធំ) ក្នុងការប្រកួតជម្រុះ AFC Asian Cup China 2023 នៅប្រទេសបារ៉ែន កាលពីថ្មីៗ ដោយបានយកឈ្នះក្រុមកោះហ្គាំរបស់សហរដ្ឋអាមេរិកទាំង ២ជើង ក្នុងលទ្ធផល ៣-១ ដើម្បីឡើងទៅវគ្គជម្រុះជុំទី៣។
បន្ទាប់ពីបញ្ចប់បេសកកម្មខាងលើ កីឡាករភាគច្រើនដែលមានអាយុក្រោម ២៣ឆ្នាំ ត្រូវបន្ដបេសកកម្មថ្មីនៅប្រទេសជប៉ុន ។ រីឯកីឡាករជម្រើសជាតិកម្ពុជា ១០នាក់ ត្រូវធ្វើដំណើរមកមាតុភូមិមុន ។ លើកលែងកីឡាករជម្រើសជាតិ ៦រូប ដែលឆ្លងជំងឺកូវីដ-១៩ អំឡុងពេលជួយក្រុមគោព្រៃកម្ពុជា នៅបារ៉ែន ដែលត្រូវបន្ដសម្រាកព្យាបាលនៅទីនោះ រហូតដល់ជាសះស្បើយ ទើបត្រឡប់មកមាតុភូមិវិញ។
ដូច្នេះសូមជូនពរក្រុមជម្រើសជាតិ U-23 កម្ពុជា ជួបតែសំណាងល្អ និងទទួលបានជោគជ័យក្នុងការប្រកួតជម្រុះពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022 Qualifiers ដើម្បីឡើងទៅវគ្គបន្ដ ហើយក៏សូមជូនពរកីឡាករ ៦រូប រួមមាន ចាន់ វឌ្ឍនាកា, គួច សុកុម្ភៈ, សឿយ វិសាល, សារ៉េត គ្រីយ៉ា, កែវ សុខសិលា និង អ៊ាន ពិសី ដែលកំពុងសម្រាកព្យាបាលនៅបារ៉ែន ឆាប់ជាសះស្បើយ និងត្រឡប់មកកម្ពុជាវិញផងដែរ ៕
ដោយ, សិលា