ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូក្រសួងចូលរួមសន្និសីទដឹកជញ្ជូនចីរភាពជាសកល នៃអង្គការសហប្រជាជាតិលើកទី២ (The 2nd United Nations Global Sustainable Transport Conference) តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ

ចែករំលែក៖

ភ្នំពេញ​៖​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានឱ្យដឹងនៅព្រឹក​សៅរ៍​ទី​១៦​ ខែតុលា​ ឆ្នាំ​២០២១នេះ​ថា តបតាមការអញ្ជើញរបស់ឯកឧត្តម Li Xiaopeng រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃសាធារណរដ្ឋប្រជាមានិតចិន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ ខែតុលាម្សិលមិញនេះ​ នៅទីស្ដីការក្រសួង​ បានដឹកនាំគណៈប្រតិភូក្រសួងរួមមាន៖ លោករដ្ឋលេខាធិការប្រចាំការ លោក​ លោកស្រី​ រដ្ឋលេខាធិការ អញ្ជើញចូលរួមសន្និសីទដឹកជញ្ជូនចីរភាពជាសកល នៃអង្គការសហប្រជាជាតិលើកទី២។

សន្និសីទនេះ ប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ នៅទីក្រុងប៉េកាំង សាធារណរដ្ឋ ប្រជាមានិតចិន ដោយមានការអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូពីចម្ងាយពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលសំខាន់ៗមកពីជុំវិញពិភពលោក និងអ្នកជំនាញមកពីអង្គការអន្តរជាតិពាក់ព័ន្ធនានាផងដែរ។

សន្និសីទនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាលើប្រធានបទមួយចំនួនរួមមាន៖ តួនាទីនៃការដឹកជញ្ជូនចីរភាពក្នុងការការលុបបំបាត់ភាពក្រីក្រ ការជំរុញសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន ការតភ្ជាប់សកល ការអភិវឌ្ឍបៃតង ការអភិវឌ្ឍថ្នាក់តំបន់ នវានុវត្តន៍ និងទីក្រុងចីរភាព។

ថ្លែងក្នុងសន្ទរកថាគន្លឹះទៅកាន់អង្គសន្និសីទនាឱកាសនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​ បានគូសបញ្ជាក់ពីសារ សំខាន់នៃតួនាទីវិស័យដឹកជញ្ជូនក្នុងការជំរុញកំណើនសេដ្ឋកិច្ចដើម្បីកាត់បន្ថយក្រក្រី គោលនយោបាយ អាទិភាពនៃវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនដែលរួមមាន៖ (១) ការស្តារវិស័យដឹកជញ្ជូន និងបណ្តាញដឹកជញ្ជូនពហុមធ្យោបាយ ដើម្បីតភ្ជាប់ផ្ទៃក្នុងប្រទេស និងអន្តរជាតិ (២) ការអភិវឌ្ឍប្រព័ន្ធភស្តុភារកម្មរស់រវើក ដើម្បីពង្រឹងការប្រកួតប្រជែង និងការធ្វើពិពិធកម្មសេដ្ឋកិច្ច (៣) គោលនយោបាយបង្កើតការងារធ្វើ កាត់បន្ថយភាពក្រក្រីតាមរយៈការតភ្ជាប់ផ្លូវជនបទ ការពារបរិស្ថាន និងធ្វើប្រសើរឡើងដល់សុវត្ថិភាពចរាចរណ៍។

ជាមួយគ្នានោះផងដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​ បានលើកឡើងអំពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចសង្គមក្រោយវិបត្តិជំងឺកូវីដ-១៩ ដែលក្នុងនោះរួមមាន៖ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៤ខ្សែនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីទទួលស្វាគមន៍ទេសចរណ៍ នៅពេលកម្ពុជាបើកប្រទេសឡើងវិញក្នុងពេលអនាគតដ៏ខ្លីខាងមុខ។

ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​ បានជម្រាបជូនផងដែរថា៖ កម្ពុជាបានចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ជូនប្រជាជនបានចំនួន៨៤% ដើម្បីត្រៀមខ្លួនស្វាគមន៍ភ្ញៀវទេសចរណ៍ និងវិនិយោគិន ហើយ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ទាំងឡាយ ជាពិសេស រដ្ឋាភិបាលនិងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់ការគាំទ្រប្រកបដោយសប្បុរសផ្តល់វ៉ាក់សាំងជូនពលរដ្ឋបានទាន់ពេលវេលា។

ជាទីបញ្ចប់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម Li Xiaopeng រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានអញ្ជើញកម្ពុជាចូលរួមសន្និសីទដឹកជញ្ជូនចីរភាពជាសកលនៃអង្គការសហប្រជាជាតិលើកទី២ និងដែលបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនកម្ពុជា៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print