ភ្នំពេញ៖ ជនសង្ស័យចំនួន៧នាក់ដែលជាមុខសញ្ញាគាស់ផ្ទះប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិនាពេលយប់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបានកាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួល ក្នុងភូមិព្រៃព្រីងខាងជេីង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយពីជនសង្ស័យទាំងនេះលួចបានម៉ូតូ៤គ្រឿងរួចមក។
ជនសង្ស័យទាំង៧នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះ ទី១-ឈ្មោះចន្ថា ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបររេីសអេតចាយ។ ទី២-ឈ្មោះគឹម បុរិន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទី៣-ឈ្មោះឃុន រ័ត្ន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបររេីសអេតចាយ ។ ទី៤-ឈ្មោះ ឈៀង ពិសិដ្ឋ ភេទប្រុស អាយុ២៦ឆ្នាំ។ ទី៥-ឈ្មោះ លី ចំរេីន ភេទប្រុស អាយុ៣៦ឆ្នាំ។ ទី៦-ឈ្មោះលី គន្ធា ភេទប្រុស អាយុ៣២ឆ្នាំ។ ទី៧-ឈ្មោះជា ម៉េត ភេទប្រុសអាយុ៣៧ឆ្នាំ ។ អ្នកទាំងអស់គ្នានេះស្នាក់នៅបន្ទប់ជួលក្នុងភូមិព្រៃព្រីងខាងជេីង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
តាមសមត្ថកិច្ចបានឱ្យដឹងថា មុននិឹង
ឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលេីមានបងប្អូនប្រជាពលរដ្ឋបានរាយការណ៍សម្ងាត់មកថា ជនសង្ស័យទាំងនោះតែងតែចេញធ្វេីសកម្មភាពដេីរលួចគាស់ផ្ទះប្រជាពលរដ្ឋយកទ្រព្យសម្បត្តិនាពេលរាត្រី។
ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរួចហើយ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលចោមចៅទី៣បានចុះធ្វេីការឃាត់ខ្លួនជនសង្ស័យទាំង៧នាក់ដល់បន្ទប់ជួលតែម្តង។ ក្រោយពីឃាត់ខ្លួនជនសង្ស័យបានហើយសមត្ថកិច្ចរកឃេីញឧបករណ៍សម្ភារដែកឆ្កឹះនិងសោមួយចំនួន។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលេីបានសារភាពថា ពួកគេពិតជាធ្លាប់គាស់ផ្ទះប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិពប្រាកដមែន ហេីយកាលពីយប់ថ្ងៃទី១៥ ខែតុលាពួកគេបានធ្វេីសកម្មភាពគាស់បន្ទប់មួយកន្លែងនៅភូមិព្រៃព្រីងខាងជេីង១ លួចបានម៉ូតូចំនួន៤គ្រឿងផងដែរ។
បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចជំនាញធ្វេីការសាកសួរដេីម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការបន្តទៀត៕
ដោយ៖សុខាសែនជ័យ