ខេត្តស្វាយរៀង៖ ស្ត្រីចំណាស់ម្នាក់មានជំងឺរាំុរ៉ៃយូរឆ្នាំព្យាបាលមិនធូរស្រាលក៏គិតខ្លីទៅលោតទឹកស្រះសម្លាប់ខ្លួន ហើយពេល គ្រូពេទ្យមកធ្វើតេស្តរកឃើញមានជំងឺកូវីដ-១៩។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី១៥ខែ
តុលាឆ្នាំ២០២១ ស្ថិតនៅភូមិសាម៉ ឃុំ
ខ្សែត្រ ស្រុកកំពង់រោទ៍។
សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាស្ត្រីខាងលើមានឈ្មោះ ឈឹម សាម៉ាន
អាយុ៤៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិសាម៉ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍។
អ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឃើញស្ត្រីខាងលើដើរតែម្នាក់ឯងក្បែរមាត់ស្រះមានទឹកមុខស្រងូតស្រងាត់។ ក្រោយមកប្រមាណកន្លះម៉ោងស្រាប់តែមានការភ្ញាក់ផ្អើលថា ស្ត្រីរូបនោះបានស្លាប់បាត់ទៅហើយដោយគាត់លោតចូលទឹកស្រះខាងក្រោយឆៀងខាងកើតផ្ទះរបស់គាត់ចម្ងាយប្រហែល៥០ម៉ែត្រ ទើបអ្នកភូមិរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន។
ក្រោយពីស្រង់សពដាក់លើគោករួចមក សមត្ថកិច្ចនិងគ្រូពេទ្យជំនាញបានពិនិត្យនិងធ្វើកោសល្យវិច័យ ហើយបានសន្និដ្ឋានថា ស្ត្រីរងគ្រោះពិតជាស្លាប់ដោយលោតទឹកសម្លាប់ខ្លួនប្រាកដមែនគឺមិនមានស្លាកស្នាមអ្វីសម្គាល់ថាជារឿងឃាតកម្មនោះទេ។ លុះក្រោយមកក្រុមគ្រូពេទ្យបានយកសំណាកទៅពិនិត្យឃើញថាវិជ្ជមានកូវីដ-១៩ទើបក្រុមគ្រូពេទ្យជំនាញធ្វើការវេចខ្ចប់សពដើម្បីយកទៅបូជានៅវត្តកោះជុំក្នុងក្រុងស្វាយរៀងភ្លាមៗផងដែរ៕
ដោយ៖ យឹម សុថាន