ប្រទេសជប៉ុន: នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញរាល់សកម្មភាពរូបភាពហ្វឹកហាត់របស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំនៅ J-Village មជ្ឈមណ្ឌលហ្វឹកហាត់បាល់ទាត់របស់ប្រទេសជប៉ុន ត្រៀមខ្លួនរួចរាល់សម្រាប់ការហ្វឹកហាត់មុនការប្រកួត AFC U23 Asian Cup Qualifiers ។
សូមបញ្ជាក់ថា ការប្រកួតដំបួង
គឺ : កម្ពុជា v ហុងកុង នៅថ្ងៃទី ២៣ តុលា ២០២១ | J-Village
ជប៉ុន v កម្ពុជា នៅថ្ងៃ២៦ តុលា ២០២១ | J-Village ។ គាំទ្រកីឡាបាល់ទាត់កម្ពុជា គឺយើង “ទាំងអស់គ្នាដេីម្បីកម្ពុជា”។
គួរដឹងថា ក្រុមជម្រើសជាតិ U-23 កម្ពុជា បានបន្ដដំណើរទៅប្រទេសជប៉ុនកាលពីល្ងាចថ្ងៃព្រហស្បតិ៍កន្លងទៅ ក្រោយបញ្ចប់បេសកកម្មជាមួយក្រុមជម្រើសជាតិកម្ពុជា(ក្រុមធំ) ក្នុងការប្រកួតជម្រុះ AFC Asian Cup China 2023 នៅប្រទេសបារ៉ែន កាលពីពេលថ្មីៗ ដោយបានយកឈ្នះក្រុមកោះហ្គាំរបស់សហរដ្ឋអាមេរិកទាំង២ជើង ក្នុងលទ្ធផល ៣-១ ដើម្បីឡើងទៅវគ្គជម្រុះជុំទី៣។
បន្ទាប់ពីបញ្ចប់បេសកកម្មខាងលើ កីឡាករភាគច្រើនដែលមានអាយុក្រោម ២៣ឆ្នាំ ត្រូវបន្ដបេសកកម្មថ្មីនៅប្រទេសជប៉ុន ។ រីឯកីឡាករជម្រើសជាតិកម្ពុជា ១០នាក់ត្រូវធ្វើដំណើរមកមាតុភូមិមុន ។ លើកលែងតែកីឡាករជម្រើសជាតិ៦រូប ដែលឆ្លងជំងឺកូវីដ-១៩ អំឡុងពេលជួយក្រុមគោព្រៃកម្ពុជានៅបារ៉ែន ដែលត្រូវបន្ដសម្រាកព្យាបាលនៅទីនោះរហូតដល់ជាសះស្បើយ ទើបត្រឡប់មកមាតុភូមិវិញ។
ដូច្នេះសូមជូនពរក្រុមជម្រើសជាតិ U-23 កម្ពុជា ជួបតែសំណាងល្អ និងទទួលបានជោគជ័យក្នុងការប្រកួតជម្រុះពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022 Qualifiers ដើម្បីឡើងទៅវគ្គបន្ដ ហើយក៏សូមជូនពរកីឡាករ៦រូប រួមមាន ចាន់ វឌ្ឍនាកា, គួច សុកុម្ភៈ, សឿយ វិសាល, សារ៉េត គ្រីយ៉ា, កែវ សុខសិលា និង អ៊ាន ពិសី ដែលកំពុងសម្រាកព្យាបាលនៅបារ៉ែន ឆាប់ជាសះស្បើយ និងត្រឡប់មកកម្ពុជាវិញផងដែរ ៕
ដោយ, សិលា