អាជ្ញាធរ​ខណ្ឌដូនពេញ​ ចុះណែនាំ​ទីតាំងការដ្ឋានសាងសង់ដែលមានកម្ពស់ជិត១០ជាន់​ ខណៈ​បង្ករសម្លេងរំខានដល់អ្នកជិតខាង

ចែករំលែក៖

ភ្នំពេញ​៖ បេី​យោង​តាម​ប្រភពព័ត៌មាន​ពីផេកហ្វេសប៊ុករបស់​លោក​ ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌដូនពេញ​ បានឱ្យដឹងថា​ ដោយយោងពាក្យបណ្តឹងចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ របស់ឈ្មោះ ហ៊ុន ហ្វាស និងចំណាររបស់លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅរសៀលថ្ងៃសៅរ៍ ១០កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៤​ និង៣០នាទី បានដាក់បញ្ជាឱ្យលោក​ បានដឹកនាំក្រុមការងារត្រួតពិនិត្យសំណង់ខណ្ឌ ចុះធ្វើការណែនាំទីតាំងការដ្ឋានសាងសង់ក្បាលដីលេខ៥៧០ ស្ថិតនៅផ្លូវលេខ៧០ ភូមិ២៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។​

លោក​ ម៉ុក ច័ន្ទករុណា​ បានឱ្យដឹងទៀតថា​ ពេលក្រុមការងារចុះដល់ទីតាំងជាក់ស្តែង ពិនិត្យឃើញថា ការដ្ឋានកំពុងមានសកម្មភាពសាងសង់បាន០៧ជាន់ ដោយមានសម្លេងការដ្ឋានជាធម្មតា ។ ជាក់ស្តែង ក្រុមការងារសង្កាត់ មិនអាចទំនាក់ទំនងភាគីដើមបណ្តឹងបានទេ ។

គួរបញ្ជាក់ថា​ ក្រុមការងារបានណែនាំដល់តំណាងម្ចាស់ការដ្ឋានដូចខាងក្រោម៖

*១. ម្ចាស់ការដ្ឋាន ត្រូវគោរពម៉ោងពេលការងារ ដោយត្រូវដំណើរការងារក្នុងការដ្ឋានចាប់ពីម៉ោង០៧​ និង០០នាទីព្រឹក ដល់ម៉ោង១១​ និង៣០នាទីព្រឹក និងពេលរសៀលចាប់ពីម៉ោង១៤​ និង០០នាទីរសៀល ដល់ម៉ោង១៩​ និង០០នាទីយប់ ត្រូវបញ្ចប់រាល់កិច្ចការងារទាំងអស់ដែលបង្កសំលេងរំខានដល់អ្នកជិតខាង ។

*២. ត្រូវត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពសំណង់ជាប្រចាំ ក្នុងនោះត្រូវពិនិត្យបច្ចេកទេសដងស្ទូច, សំណាញ់ហ៊ុមព័ទ្ធការដ្ឋាន, របាសំណាញ់ជ្រែង ។ ចំពោះដងស្ទូចត្រូវចតស្របផ្លូវលេខ៧០ នៅពេលសម្រាក និងត្រូវអនុវត្តវិធានការសុខាភិបាលឲ្យបានម៉ឺងម៉ាត់ ។

*៣. មិនត្រូវដាក់សម្ភារៈសំណង់លើចិញ្ចើមផ្លូវសាធារណៈ ។

*៤. ក្នុងករណី ម្ចាស់ការដ្ឋាន ចង់ស្នើសុំធ្វើការបន្ថែមលើសម៉ោង ត្រូវដាក់លិខិតស្នើសុំមករដ្ឋបាលខណ្ឌដូនពេញ ជាមុនសិន ។

បន្ថែមពីនេះ​ លោកអភិបាលរងរូបនេះ​ បានសង្កត់ធ្ងន់ថា​៖​ ក្នុងករណី ម្ចាស់ការដ្ឋានមិនអនុវត្តតាមការណែនាំរបស់ក្រុមការងារ រដ្ឋបាលខណ្ឌនឹងអនុវត្តវិធានការរដ្ឋបាលយ៉ាងម៉ឺងម៉ាត់។ ចំណែកកំណត់ហេតុចប់នៅវេលាម៉ោង១៥​ និង៣០នាទី នាថ្ងៃខែឆ្នាំដដែល ដោយបានអានកំណត់ហេតុ ជូនតំណាងម្ចាស់ការដ្ឋានស្តាប់ចប់សព្វគ្រប់ ហើយតំណាងម្ចាស់ការដ្ឋានបានឯកភាពតាមការណែនាំរបស់ក្រុមការងារទាំងស្រុង៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print