ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីផេកហ្វេសប៊ុករបស់លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌដូនពេញ បានឱ្យដឹងថា ដោយយោងពាក្យបណ្តឹងចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ របស់ឈ្មោះ ហ៊ុន ហ្វាស និងចំណាររបស់លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅរសៀលថ្ងៃសៅរ៍ ១០កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៤ និង៣០នាទី បានដាក់បញ្ជាឱ្យលោក បានដឹកនាំក្រុមការងារត្រួតពិនិត្យសំណង់ខណ្ឌ ចុះធ្វើការណែនាំទីតាំងការដ្ឋានសាងសង់ក្បាលដីលេខ៥៧០ ស្ថិតនៅផ្លូវលេខ៧០ ភូមិ២៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោក ម៉ុក ច័ន្ទករុណា បានឱ្យដឹងទៀតថា ពេលក្រុមការងារចុះដល់ទីតាំងជាក់ស្តែង ពិនិត្យឃើញថា ការដ្ឋានកំពុងមានសកម្មភាពសាងសង់បាន០៧ជាន់ ដោយមានសម្លេងការដ្ឋានជាធម្មតា ។ ជាក់ស្តែង ក្រុមការងារសង្កាត់ មិនអាចទំនាក់ទំនងភាគីដើមបណ្តឹងបានទេ ។
គួរបញ្ជាក់ថា ក្រុមការងារបានណែនាំដល់តំណាងម្ចាស់ការដ្ឋានដូចខាងក្រោម៖
*១. ម្ចាស់ការដ្ឋាន ត្រូវគោរពម៉ោងពេលការងារ ដោយត្រូវដំណើរការងារក្នុងការដ្ឋានចាប់ពីម៉ោង០៧ និង០០នាទីព្រឹក ដល់ម៉ោង១១ និង៣០នាទីព្រឹក និងពេលរសៀលចាប់ពីម៉ោង១៤ និង០០នាទីរសៀល ដល់ម៉ោង១៩ និង០០នាទីយប់ ត្រូវបញ្ចប់រាល់កិច្ចការងារទាំងអស់ដែលបង្កសំលេងរំខានដល់អ្នកជិតខាង ។
*២. ត្រូវត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពសំណង់ជាប្រចាំ ក្នុងនោះត្រូវពិនិត្យបច្ចេកទេសដងស្ទូច, សំណាញ់ហ៊ុមព័ទ្ធការដ្ឋាន, របាសំណាញ់ជ្រែង ។ ចំពោះដងស្ទូចត្រូវចតស្របផ្លូវលេខ៧០ នៅពេលសម្រាក និងត្រូវអនុវត្តវិធានការសុខាភិបាលឲ្យបានម៉ឺងម៉ាត់ ។
*៣. មិនត្រូវដាក់សម្ភារៈសំណង់លើចិញ្ចើមផ្លូវសាធារណៈ ។
*៤. ក្នុងករណី ម្ចាស់ការដ្ឋាន ចង់ស្នើសុំធ្វើការបន្ថែមលើសម៉ោង ត្រូវដាក់លិខិតស្នើសុំមករដ្ឋបាលខណ្ឌដូនពេញ ជាមុនសិន ។
បន្ថែមពីនេះ លោកអភិបាលរងរូបនេះ បានសង្កត់ធ្ងន់ថា៖ ក្នុងករណី ម្ចាស់ការដ្ឋានមិនអនុវត្តតាមការណែនាំរបស់ក្រុមការងារ រដ្ឋបាលខណ្ឌនឹងអនុវត្តវិធានការរដ្ឋបាលយ៉ាងម៉ឺងម៉ាត់។ ចំណែកកំណត់ហេតុចប់នៅវេលាម៉ោង១៥ និង៣០នាទី នាថ្ងៃខែឆ្នាំដដែល ដោយបានអានកំណត់ហេតុ ជូនតំណាងម្ចាស់ការដ្ឋានស្តាប់ចប់សព្វគ្រប់ ហើយតំណាងម្ចាស់ការដ្ឋានបានឯកភាពតាមការណែនាំរបស់ក្រុមការងារទាំងស្រុង៕ដោយ៖ស តារា