ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការសហការជាមួយ កម្លាំងនគរបាលស្រុកកណ្ដៀង និងក្រុងពោធិ៍សាត់ ដឹកនាំដោយលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ឃាត់ខ្លួនមុខសញ្ញាចែកចាយនិងប្រើប្រាស់សារធាតុញៀនបានម្នាក់ដកហូតបានវត្ថុតាងមួយចំនួន និងឆែកឆេលំនៅឋានផងដែរ។
ប្រតិបត្តិការខាងលើនេះប្រព្រឹត្តឡើងកាលពីវេលាម៉ោង១១ និង០៧នាទី ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦ នៅភូមិពោធិ៍កំបោរ ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការខាងលើកម្លាំងធ្វើការឆែកឆេលំនៅឋានរបស់ឈ្មោះ ឡេង ផល្លី ភេទស្រី អាយុ ៤៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ក្នុងនោះរកឃើញនិងដកហូតវត្ថុតាង ឧបករណ៍និងសម្ភារមួយចំនួនដូចក្នុងរូបភាពស្រាប់។
ប្រភពបន្តថា កម្លាំងបានឃាត់ខ្លួនកូនប្រុសស្រ្តីម្ចាស់ផ្ទះជាមុខសញ្ញាចែកចាយ និងប្រើប្រាស់នូវសារធាតុញៀនបានម្នាក់ឈ្មោះ ងួន លីហួរ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារ។
ប្រភពបន្តទៀតថា ជនសង្ស័យត្រូវបានឃាត់ខ្លួនរួមទាំងវត្ថុតាងនិងសម្ភារ បានបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តដើម្បីបន្តតាមនីតិវិធី៕
ដោយ៖ ប៉ឹម ពិន