បញ្ជូនខ្លួនមុខសញ្ញាជួញដូរដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនចំនួន២នាក់ទៅតុលាការ

ចែករំលែក៖

ខេត្តស្វាយរៀង៖ កម្លាំងសមត្ថកិច្ចជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានបញ្ជូនជនសង្ស័យជាមុខសញ្ញាជួញដូរ ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនចំនួន០២នាក់រួមជាមួយវត្ថុតាងថ្នាំញៀនចំនួន១៩គ.ក្រ.៤៨៨ក្រ កាំភ្លើងខ្លីK54មួយដើមទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់។
សមត្ថកិច្ចប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានឱ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ដោយមានការសម្របសម្រូលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញា និងលោក ឈុីវ អុិចគង់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៧និង៣០នាទីយប់នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោក អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុងបាវិត សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានបើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាបករណីជួញដូរ ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនចំនួន១លើក។
ប្រភពបន្តថា ដោយសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់មាន
ឈ្មោះ ឡេ វ៉ាន់ថ អាយុ១៨ឆ្នាំ ភេទប្រុស ជនជាតិវៀតណាម មុខរបរជាងឈើ រស់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ជាអ្នកដឹកជញ្ជូនគ្រឿងញៀនពីរាជធានីភ្នំពេញ ឆ្លងដែនទៅកាន់ប្រទេសវៀតណាម)
និងឈ្មោះ វ៉ាន់ សុផា អាយុ២០ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មុខរបរជាងឈើ រស់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ជាអ្នកដឹកជញ្ជូនគ្រឿងញៀនពីរាជធានីភ្នំពេញ ឆ្លងដែនទៅកាន់ប្រទេសវៀតណាម)។
សមត្ថកិច្ចក៏បានចាប់យកវត្ថុតាងរួមមានថ្នាំញៀនប្រភេទហេរ៉ូអុីនទម្ងន់ ៣៥០២ក្រាម, ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់២៩៨៦ក្រាម, ថ្នាំញៀនប្រភេទកេតាមីនទម្ងន់១៣០០០ក្រាម(សរុបទម្ងន់ ១៩គ.ក្រ.៤៨៨ក្រាម), កាំភ្លើងខ្លីធុន K54ចំនួន០១ដើម, បង់០១, គ្រាប់ចំនួន០៨គ្រាប់, ម៉ូតូ០១គ្រឿងនិងកាបូបធំ សម្រាប់ដាក់គ្រឿងញៀនចំនួន១ផងដែរ៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print